(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បាននិយាយថា ឥឡូវមិនមែនជាពេលត្រូវ ងាកទៅផ្តោតលើសំណួរនៃ ការរៀបចំការបោះឆ្នោតប្រជាមតិ ស្តីពីឯករាជ្យរបស់ស្កុតលែននោះឡើយ នៅក្នុងលិខិតមួយច្បាប់ឆ្លើយតបទៅកាន់ ប្រមុខរដ្ឋាភិបាលរបស់ស្កុតលែន គឺលោកស្រី នីកូឡា ស្ទើចិន (Nicola Sturgeon) កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២។

កាលពីសប្តាហ៍មុន លោកស្រី Sturgeon បានប្រកាសពីផែនការ ដើម្បីរៀបចំការបោះឆ្នោតប្រជាមតិ ស្តីពីឯករាជ្យជាលើកទី២ នៅខែតុលា ឆ្នាំ២០២៣ ហើយបានប្តេជ្ញាថា លោកស្រីនឹងប្រើវិធានការតាមផ្លូវច្បាប់ ប្រសិនបើរដ្ឋាភិបាលអង់គ្លេសរារាំង។ ក្នុងលិខិតឆ្លើយតបទៅកាន់លោកស្រី Sturgeon លោក ចនសុន បានលើកឡើងដូច្នេះថា «ស្របពេលដែលប្រទេសយើងកំពុងប្រឈមនឹង បញ្ហាមិនធ្លាប់មានជាច្រើនទាំងក្នុង និងនៅក្រៅប្រទេស ខ្ញុំមិនអាចយល់ស្របថា ឥឡូវជាពេលដែលគួរត្រឡប់ទៅរកសំណួរ ដែលត្រូវបានឆ្លើយយ៉ាងច្បាស់រួចមកហើយ ដោយប្រជាជនស្កុតលែន កាលពីឆ្នាំ២០១៤ នោះឡើយ»

ជាការឆ្លើយតបចំពោះលិខិតលោក ចនសុន វិញនោះ លោកស្រី Sturgeon បានបង្ហោះសារដូច្នេះវិញថា «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា ស្កុតលែននឹងមានឱកាស ដើម្បីជ្រើសរើសឯករាជ្យរបស់ខ្លួន ជាថ្មីម្តងទៀត។ ខ្ញុំសង្ឃឹមថា ការបោះឆ្នោតប្រជាមតិមួយ អាចនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែបើមិនអាចតាមវិធីនេះទេ គឺតាមរយៈការបោះឆ្នោតសកល។ ប្រជាធិបតេយ្យរបស់ស្កុតលែន នឹងមិនក្លាយជា អ្នកទោសរបស់នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ ឬក៏នាយករដ្ឋមន្រ្តីអង់គ្លេសរូបណាផ្សេងទៀត ជាដាច់ខាត»

គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតប្រជាមតិ កាលពីឆ្នាំ២០១៤ ប្រជាជនស្កុតលែនបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥៥ភាគរយ ទល់នឹងសំឡេងប្រឆាំង៤៤ភាគរយ ដើម្បីបន្តស្ថិតនៅក្នុងចក្រភពអង់គ្លេស៕