(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បាននិយាយថា រុស្ស៉ីកំពុងស្វែងរកការពិតពី អំពើឃោរឃៅដែលប្រព្រឹត្តដោយរដ្ឋាភិបាលទីក្រុងកៀវ ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែលោកខាងលិចកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរារាំងប្រព័ន្ធផ្សព្វផ្សាយពីការផ្សាយរបាយការណ៍ដែលមិនលំអៀង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ឡារ៉ូវ បានថ្លែងថា «យើងកំពុងស្វែងរកការពិតពីអំពើឃោឃៅ ដែលប្រព្រឹត្តដោយរបបទីក្រុងកៀវ ដើម្បីបង្ហាញជាសាធារណៈ ប៉ុន្តែប្រទេសលោកខាងលិច បានរារាំងមិនឲ្យមានការចេញផ្សាយ របាយការណ៍មិនលំអៀង ស្តីពីស្ថានភាពនៅទីនោះ»

លោក ឡារ៉ូវ បានពិពណ៌នាថា គោលនយោបាយដ៏គ្រោះថ្នាក់បំផុតមួយ ដែលដំណើរការអស់រយៈពេលជាច្រើនឆ្នាំ គឺដើម្បីប្រែក្លាយអ៊ុយក្រែនទៅជាប្រទេសជ្រុលនិយម ឬ ប្រទេសណាហ្ស៉ីថ្មី ហើយបង្កើតមូលដ្ឋានយោធានៅទីនោះ សម្រាប់គំរាមកំហែងសន្តិសុខរបស់រុស្ស៉ី។

គួរបញ្ជាក់ថា ជារឿយៗប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន តែងបានសង្កត់ធ្ងន់ចំពោះសកម្មភាពរបស់រុស្ស៉ីនៅអ៊ុយក្រែន គឺមិនមានផែការកាន់កាប់ទឹកដីអ៊ុយក្រែនឡើយ ប៉ុន្តែគោលដៅគឺដើម្បីបោសសំអាតពួកជ្រុលនិយមដ៏គ្រោះថ្នាក់ និងជួយរំដោះ ប្រជាជននៅតំបន់ដុនបាស់៕