(កៀវ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Ukrinform ដែលស្រង់សម្តីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណាលើលទ្ធភាព ផ្តល់ការបណ្តុះបណ្តាលដល់យោធាអ៊ុយក្រែន ដើម្បីទប់ទល់នឹង ការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។

ក្រោយដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៉ីនតោនរួចមក ឯកអគ្គរដ្ឋទូតអាមេរិកលោកស្រី ប៊្រីចិត ប៊្រីង (Bridget Brink) បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំមិនអាចប្រាប់ឱ្យច្បាស់អំពីចំនួនកងទ័ពអ៊ុយក្រែន ដែលអាចនឹងត្រូវទទួលការបណ្តុះបណ្តាល ឬមួយក៏ផែនការទាំងមូលនោះឡើយ ប៉ុន្តែខ្ញុំអាចត្រឹមនិយាយថា ខ្ញុំបានជជែកអំពីរឿងនេះ ជាមួយក្រុមមន្រ្តីនៅមន្ទីរបញ្ចកោណ»។ លោកស្រី Brink បានបន្ថែមថា សហរដ្ឋអាមេរិក កំពុងព្យាយាមផ្តល់ឱ្យអ៊ុយក្រែន នូវជំនួយបន្ថែមទៀត ដើម្បីពង្រឹងគោលជំហរនៅ សមរភូមិជួរមុខរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ ស្ថានទូតអាមេរិកនៅអ៊ុយក្រែន បានអះអាងថា រដ្ឋាភិបាលអាមេរិកបានផ្តល់ ជំនួយយោធាគិតជាទឹកប្រាក់ស្មើនឹង ៤.៦ពាន់លានដុល្លារអាមេរិក សម្រាប់ទីក្រុងកៀវ កំលុងវិបត្តិសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន។ យោងតាមស្ថានទូតដដែល ទីក្រុងវ៉ាស៉ីនតោនបានបញ្ជូនប្រព័ន្ធប្រឆាំងរថក្រោះ ចាវេលីន (Javelin) និងប្រព័ន្ធអាវុធប្រឆាំងរថពាសដែកដទៃទៀត ចំនួន ២៦,៥០០គ្រឿង, ប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង ស្ទីងចឺ (Stinger) ចំនួន ១,៤០០គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ហោវីសឺ (Howitzer) ចំនួន១០៨គ្រឿង, រួមជាមួយអាវក្រោះនិងមួកការពារចំនួន ៧៥,០០០គ្រឿង ឱ្យទៅអ៊ុយក្រែន៕