(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu ជំរុញការវាយលុករបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីកងទ័ពបានកាន់កាប់តំបន់ Lugansk ទាំងមូល។ នេះបើយោងតាមសារព័ត៌មាន The Moscow Times នៅថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២។

លោក ពូទីន បានប្រាប់ Shoigu ថា «អង្គភាពយោធា រួមទាំងប្លុកភាគខាងកើត និងប្លុកលោកខាងលិច ត្រូវតែបំពេញភារកិច្ចរបស់ពួកគេតាមផែនការដែលបានអនុម័តជាមុន»។

លោក ពូទីន បន្តថា «ខ្ញុំសង្ឃឹមថាអ្វីៗនឹងបន្តក្នុងទិសដៅរបស់វា ដូចដែលបានកើតឡើងនៅតំបន់ Luhansk រហូតមកដល់ពេលនេះ»

លោក Shoigu បានប្រាប់លោក ពូទីន ថា នៅចុងសប្តាហ៍នេះថា កងកម្លាំងរបស់ទីក្រុងមូស្គូបានគ្រប់គ្រងទាំងស្រុងលើតំបន់ Luhansk ដែលជាជ័យជម្នះដ៏សំខាន់សម្រាប់វិមានក្រឹមឡាំង ក្នុងរយៈពេលជាង ៤ខែ បន្ទាប់ពីបានបញ្ជូនកងទ័ពចូលឈ្លានពានអ៊ុយក្រែន។

លោក ពូទីន បាននិយាយនៅថ្ងៃចន្ទនេះថា កងទ័ពដែលបានចូលរួមប្រយុទ្ធនៅតំបន់ Luhansk គួរតែ «សម្រាក និងកសាងសមត្ថភាពប្រយុទ្ធរបស់ពួកគេឡើងវិញ»

គួរបញ្ជាក់ថា ក្រោយបោះបង់គោលដៅដំបូងរបស់ខ្លួនក្នុងការដណ្តើមយករដ្ឋធានីកៀវ បន្ទាប់ពីការតស៊ូរបស់អ៊ុយក្រែនយ៉ាងស្វិតស្វាញ រុស្ស៊ីបានផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួន លើការធានាការគ្រប់គ្រងពេញលេញនៃតំបន់ Donetsk និង Luhansk នៅភាគខាងកើតអ៊ុយក្រែន៕