(តូក្យូ)៖ នៅថ្ងៃចន្ទនេះ ជប៉ុនបានដាក់លិខិតសម្តែងការតវ៉ាចំពោះប្រទេសចិន ជុំវិញការដែលនាវាយោធា១គ្រឿង បានធ្វើដំណើរឆ្លងកាត់ក្បែរទីប្រជុំកោះ ដែលមានបញ្ហាវិវាទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។

ទីប្រជុំកោះនៅតំបន់សមុទ្រចិនខាងកើត ដែលជប៉ុនហៅថា សិនកាគូ (Senkaku) ហើយចិនហៅថា ទាវយូ (Diaoyu) គឺជាចំណុចស្នូល នៃបញ្ហាវិវាទដ៏យូរអង្វែង រវាងទីក្រុងតូក្យូនិងទីក្រុងប៉េកាំង។ រដ្ឋាភិបាលជប៉ុន តែងសម្តែងការតវ៉ាជារឿយៗ ចំពោះវត្តមាននៃនាវារបស់កងឆ្មាំសមុទ្រចិន នៅលើដែនទឹកក្បែរទីប្រជុំកោះនោះ ប៉ុន្តែករណីខាងលើគឺជាលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ២០១៨មក ដែលនាវាយោធា ត្រូវបានប្រទះឃើញនៅទីនោះ។

បើតាមការអះអាងរបស់ទីក្រុងតូក្យូ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង ៧៖៤៤នាទីព្រឹកថ្ងៃចន្ទនេះ។ អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលជប៉ុន លោក សីជី គីហារ៉ា (Seiji Kihara) បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «យើងបានបង្ហាញក្តីបារម្ភជាខ្លាំង ហើយបានដាក់លិខិតតវ៉ារបស់យើង ទៅកាន់ភាគីចិនតាមច្រកការទូតរួចហើយ។ ទន្ទឹមគ្នាយើងក៏ទទូចឱ្យ ពួកគេទប់ស្កាត់កុំឱ្យមានហេតុការណ៍ដដែល កើតឡើងទៀតផងដែរ»។

ជាចុងក្រោយលោក Kihara បានគូសបញ្ជាក់ថា «ទីប្រជុំកោះនេះគឺជាដែនដីរបស់ជប៉ុនសុទ្ធសាធ បើយោងតាមប្រវត្តិសាស្រ្តរបស់ប្រទេសទាំងពីរ ហើយនិងច្បាប់អន្តរជាតិ»៕