(មូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត មានចេតនាអូសបន្លាយសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ខណៈបណ្តាប្រទេសលោកខាងលិចមួយចំនួនកំពុងរារាំងទីក្រុងកៀវពីការគិតអំពី កិច្ចចរចាសន្តិភាព។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៉ី រ៉ូស៉ីយ៉ា វ័ន (Rossiya 1) លោក ប៉េសកូវ ត្រូវបានចោទសួរថាតើមូលហេតុអ្វីបានជាមេដឹកនាំលោកខាងលិច ដូចជា អាល្លឺម៉ង់ ឬបារាំង មិនបានទាក់ទងមកកាន់លោក ពូទីន។ ឆ្លើយតបនឹងសំណួរនេះដែរ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា នេះគឺជាសញ្ញាមួយដែលបង្ហាញ លោកខាងលិចមិនចាប់អារម្មណ៍ក្នុងការសម្រេចបានសន្តិភាពតាមរយៈកិច្ចចរចានោះទេ។ «នៅពេលនេះលោកខាងលិច មានចេតនាអូសបន្លាយសង្រ្គាម នៅអ៊ុយក្រែន។ ជំហររបស់ប្រទេសលោកខាងលិច ដែលដឹកនាំដោយទីក្រុងវ៉ាស៉ីនតោន កំពុងនាំពួកគេទៅរកស្ថានភាពមួយដែលធ្វើឲ្យអ៊ុយក្រែនគ្មាន ពេលវេលា ដើម្បីគិតអំពីដំណើរការចរចាស្វែងរកសន្តិភាពឡើយ»។ នេះការបញ្ជាក់របស់លោក ប៉េសកូវ។

គួរបញ្ជាក់ថា កិច្ចចរចារវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បានធ្វើឡើងចំនួន៤លើក ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ហើយជំនួបលើកចុងក្រោយបានធ្វើឡើងកាលពី ចុងខែមីនា រវាងក្រុមមន្រ្តីរុស្ស៉ី និងអ៊ុយក្រែន នៅក្នុងប្រទេសតួគី។ ចាប់តាំងពីពេលនោះមក កិច្ចចរចាបានជាប់គាំងទាំងស្រុង ខណៈរុស្ស៊ីអះអាងថាខ្លួនបាន បញ្ជូនសេចក្តីព្រាងកិច្ចព្រមព្រៀងមួយទៅឲ្យអ៊ុយក្រែន ហើយកំពុងរង់ចាំការឆ្លើយតបវិញ៕