(វ៉ាស៊ីនតោន)៖ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកឧត្ដមសេនីយ៍ ម៉ាក មីលលី (Mark Milley) បាននិយាយថាមិនមានការគំរាមកំហែងនៃការវាយប្រហារភ្លាមៗ ណាមួយរបស់ចិន លើកោះតៃវ៉ាន់នោះទេ ប៉ុន្តែសហរដ្ឋអាមេរិកនឹងតាមឃ្លាំមើលស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២។

លោក Mark Milley នៅក្នុងបទសម្ភាសន៍ជាមួយ BBC ដែលត្រូវបានចេញផ្សាយនៅថ្ងៃអាទិត្យនេះ ក៏បានបញ្ជាក់ដែរថាចិនកំពុងអភិវឌ្ឍសមត្ថភាពយោធាកាន់តែជឿនលឿន ទៅមុខ តែការសម្រេចចិត្តវាយប្រហារលើតៃវ៉ាន់ វានឹងក្លាយជាជម្រើសនយោបាយ។ ប្រមុខកងទ័ពអាមេរិករូបនេះបន្ថែមដូច្នេះថា «បច្ចុប្បន្ន ការវាយប្រហារណាមួយរបស់ចិន លើកោះតៃវ៉ាន់ នឹងមិនកើតឡើងឆាប់ៗទេ តែយើងនឹងតាមឃ្លាំមើលស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុត...ហើយថាតើពួកគេ (ចិន) នឹងសម្រេចចិត្តបែបនេះ វាអាច នឹងជាជម្រើសនយោបាយ និងជម្រើសខាងគោលនយោបាយ ដែលនឹងធ្វើឡើងដោយផ្អែកលើទស្សនកិច្ចយល់ឃើញរបស់ចិនថាតើវាចំណេញ ឬក៏ខាតបង់ធ្ងន់ធ្ងរ»

គួរបញ្ជាក់ថា ចិន ចាត់ទុកតៃវ៉ាន់ថាត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ហើយតែងតែព្រមានជារឿយៗថានឹងប្រើកម្លាំងយោធានៅក្នុងករណីចាំបាច់ ខណៈជុំវិញសំណុំរឿង តៃវ៉ាន់នេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថាសហរដ្ឋអាមេរិកនឹងប្រើកម្លាំងយោធាដើម្បីការពារតៃវ៉ាន់ ប្រសិនបើមានការវាយប្រហារណាមួយពីចិន៕