(វ៉ាស៉ីនតោន)៖ ក្រសួងការពារជាតិអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសកញ្ចប់ជំនួយសព្វាវុធថ្មីមួយទៀត ដែលគិតជាទឹកប្រាក់ស្មើនឹង ៨២០លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Anadolu នៅថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២។

អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក បានឱ្យដឹងថា នៅក្នុងកញ្ចប់ជំនួយយោធាខាងលើ រួមមានទាំង គ្រាប់រ៉ុក្កែតបន្ថែមសម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ព្រមទាំងប្រព័ន្ធមីស៉ីលការពារដែនអាកាស NASAMS ចំនួន២គ្រឿង, គ្រាប់រំសេវចំនួន ១៥០,០០០គ្រាប់ សម្រាប់ប្រព័ន្ធកាំភ្លើង ហើយនិងប្រព័ន្ធរ៉ាដាទប់ទល់កាំភ្លើងធំចំនួន ៤គ្រឿង។

គួរបញ្ជាក់ថា គិតចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់អំណាចមក សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខសរុប ៧.៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះប្រហែល ៦.៩ពាន់លានដុល្លារ គឺគិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ដោយឡែក បើគិតចាប់តាំងពីឆ្នាំ២០១៤វិញ ទីក្រុងវ៉ាស៉ីនតោនបានប្តេជ្ញាថវិកាជាង ៨.៨ពាន់លានដុល្លារ ក្នុងទម្រង់ជាជំនួយផ្នែកសន្តិសុខ សម្រាប់ទីក្រុងកៀវ៕