(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ថា សហរដ្ឋអាមេរិក សក្តិសមនឹងគេដាក់ឈ្មោះថាជា អាណាចក្រនៃការលួចស្តាប់ព័ត៌មាន និងជាអាណាចក្រនៃការលួចសម្ងាត់ណាស់ ដោយជំរុញឱ្យប្រទេសនេះបញ្ឈប់សកម្មភាពតាមអ៊ីនធឺណេតដ៏អាក្រក់របស់ខ្លួនជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ។

យោងតាមរបាយការណ៍ពាក់ព័ន្ធ ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រចិនជាច្រើនបានរងការវាយប្រហារតាមអ៊ីនធឺណិតពីទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) ខណៈ NSA បានដំឡើងកម្មវិធី Trojan horse នៅខាងក្នុងប្រព័ន្ធព័ត៌មានសំខាន់ៗយ៉ាងហោចណាស់ជាងមួយរយនៅក្នុងប្រទេសចិន។ រហូតមកដល់បច្ចុប្បន្ន កម្មវិធីបែបនេះជាច្រើននៅតែដំណើរការ និងបញ្ជូនព័ត៌មានសម្ងាត់ត្រឡប់ទៅ NSA វិញ។

អ្នកនាំពាក្យ Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «ប្រទេសចិនថ្កោលទោសសកម្មភាពអ៊ីនធឺណែតដ៏អាក្រក់បែបនេះដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ យើងទាមទារឱ្យសហរដ្ឋអាមេរិកផ្តល់ការពន្យល់ និងបញ្ឈប់ជាបន្ទាន់នូវអាកប្បកិរិយាមិនទទួលខុសត្រូវបែបនេះ»។

លោក Zhao បានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកគឺជាអ្នកប្រព្រឹត្តល្មើសដដែលៗនៃការលួចការណ៍សម្ងាត់តាមអ៊ីនធឺណិត ដោយនិយាយថា ក្នុងឆ្នាំ២០២០ ប្រទេសចិនបានចាប់យកគំរូកម្មវិធីកុំព្យូទ័រព្យាបាទជាង៤២លានគំរូ។ ដោយដកស្រង់របាយការណ៍ពីមុននៅលើគេហទំព័រនៃក្រុមបច្ចេកវិទ្យាឆ្លើយតបបន្ទាន់នៃបណ្តាញកុំព្យូទ័រជាតិរបស់ប្រទេសចិន លោក Zhao បាននិយាយថា ៥៣.១% នៃកម្មវិធីពីក្រៅប្រទេសត្រូវបានតាមដានត្រឡប់ទៅសហរដ្ឋអាមេរិកវិញ៕