(ម៉ាឌ្រីដ)៖ រុស្ស៉ី បានបង្កើនការវាយលុករបស់ខ្លួន នៅឯតំបន់ភាគខាងកើតអ៊ុយក្រែន នាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបក្សសម្ព័ន្ធណាតូ (NATO) បានចាត់ទុកថា ទីក្រុងមូស្គូ បង្កការគំរាមកំហែងដោយផ្ទាល់ ចំពោះសន្តិសុខរបស់លោកខាងលិច និងការឯកភាពគ្នាក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងកៀវ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។

អាជ្ញាធរអ៊ុយក្រែន បានអះអាងថា ពួកគេកំពុងព្យាយាមជម្លៀសប្រជាជនចេញពីទីក្រុងសមរភូមិជួរមុខភាគខាងកើត គឺទីក្រុងលីស៉ីចាន់ស៍្ក (Lysychansk) ដែល ជាគោលដៅរបស់កម្លាំងរុស្ស៉ី ខណៈមានមនុស្សប្រហែល ១៥,០០០ ស្ថិតក្រោមស្ថានភាពបាញ់ផ្លោងឥតឈប់ឈរ។ លោក សឺហ៉ី ហ្គៃដៃ (Serhiy Gaidai) អភិបាលតំបន់លូហាន់ (Luhansk) បានប្រាប់ទូរទស្សន៍អ៊ុយក្រែនយ៉ាងដូច្នេះថា «ការប្រយុទ្ធគ្នាកើតមានគ្រប់ពេលវេលា, កងកម្លាំងរុស្ស៉ីកំពុងធ្វើការវាយលុក ឥតឈប់ឈរ»។

ដោយឡែក ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន គឺលោក អូឡេស្គី អារ៉េសតូវិច (Oleskiy Arestovych) បានឲ្យដឹងតាមវីដេអូថានៅឯភាគខាងត្បូង ទីក្រុងឃឺសុន (Kherson) កងកម្លាំងអ៊ុយក្រែនកំពុងធ្វើការវាយបកលើកងកម្លាំងរុស្ស៉ីវិញ ដោយប្រើប្រាស់កាំភ្លើងធំ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃពុធ ដែលគ្របដណ្តប់ដោយការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន និងភាពចលាចលភូមិសាស្ត្រនយោបាយ នោះ, អង្គការ NATO ក៏បានអញ្ជើញភាគីស៊ុយអែត និងហ្វាំងឡង់ឱ្យចូលរួមផងដែរ ដោយសន្យាថានឹងបង្កើនចំនួនកងទ័ព រហូត៧ដង ចាប់ពីឆ្នាំ២០២៣ ក្នុងតំបន់អឺរ៉ុបខាងកើត៕