(ម៉ាឌ្រីត)៖ មេដឹកនាំសហរដ្ឋអាមេរិក, កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃពុធសប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសាកល្បង មីស៉ីលរបស់កូរ៉េខាងជើង និងបានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត ដើម្បីដោះស្រាយនូវការគំរាមកំហែង ណាមួយ ដែលបង្កឡើងដោយទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន, នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ (NATO) នៅឯទីក្រុងម៉ាឌ្រីត (Madrid) ប្រទេសអេស្ប៉ាញ ដោយមេដឹកនាំទាំងបីបានយល់ស្របដូចគ្នាថា វឌ្ឍនភាពនៃកម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលកូរ៉េខាងជើងបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមិនត្រឹមតែ ឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែវាក៏គំរាមកំហែងដល់តំបន់អាស៉ីបូព៌ា និងពិភពលោកផងដែរ។

ចំពោះមុខការធ្វើតេស្តមីស៉ីលរបស់កូរ៉េខាងជើងជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ មេដឹកនាំទាំងបី បានឯកភាពគ្នាក្នុងការស្វែងរកមធ្យោបាយបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកំញើញប្រឆាំងនឹងកូរ៉េខាងជើង, ការអភិវឌ្ឍសមត្ថភាពរបស់យោធាអាមេរិក ជាពិសេសកងកម្លាំងនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ ការវាយប្រហារលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងកិច្ចសហប្រតិបត្តិការសន្តិសុខផ្សេងទៀត។

គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន កំពុងចូលរួមក្នុងកិច្ចប្រជុំកំពូល NATO ជាលើកដំបូង ក្នុងឋានៈជាអ្នកសង្កេតការណ៍។ ទំនាក់ទំនងនៃ ប្រទេសទាំងពីរត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំងរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែក្នុងអាណត្តិរដ្ឋាភិបាលរបស់លោក យូន ទីក្រុងសេអ៊ូល បានបង្ហាញពីបំណងជួសជុលទំនាក់ទំនងឡើងវិញ ខណៈលោកនាយករដ្ឋមន្រ្តី គីស៉ីដា ក៏បានបង្ហាញការពេញចិត្តចំពោះបំណងនេះផងដែរ៕