(ម៉ាឌ្រីដ)៖ ប្រទេសតួកគី ដែលជាសមាជិកអង្គការណាតូ NATO បានសម្រេចចិត្តលុបចោលការវេតូរបស់ខ្លួនហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ ដែលនេះជាការបើកផ្លូវឱ្យប្រទេស ហ្វាំងឡង់ និងស៊ុយអែត ឆ្ពោះទៅរកសមាជិកភាពបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ បន្ទាប់ពីប្រទេសទាំង៣ យល់ព្រមការពារសន្តិសុខគ្នាទៅវិញទៅមក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។

ការសម្រេចចិត្តលុបចោលការវេតូខាងលើរបស់តួកគី ធ្វើឡើងក្រោយជំនួបចាយពេលជាង ៤ម៉ោង នៅមុនកិច្ចប្រជុំកំពូលណាតូក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញត្រូវ ចាប់ផ្ដើមនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងម៉ាឌ្រីដ)។ ម្យ៉ាងវិញទៀត តាមការសម្រេចចិត្តនេះដែរ ហ្វាំងឡង់ និងស៊ុយអែត អាចចាប់ផ្ដើមដំណើរការសុំចូលជាសមាជិក ណាតូ ដោយបើតាមប្រធានាធិបតីហ្វាំងឡង់ លោក នីនីស្ដូ ដំណាក់កាលសម្រាប់ហ្វាំងឡង់ និងស៊ុយអែតចូលណាតូ នឹងត្រូវបានឯកភាពគ្នានៅក្នុងរយៈពេល២ថ្ងៃខាងមុខ។

លោក នីនីស្ដូ បានបញ្ជាក់បន្ថែមដូច្នេះថា «រដ្ឋមន្ត្រីការបរទេសរបស់យើងបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ត្រីភាគីមួយដែលក្នុងនោះតួកគីនឹង...គាំទ្រការអញ្ជើញ ហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិកណាតូ»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានសាទរចំពោះកិច្ចព្រមព្រៀងខាងលើផងដែរ ជាមួយការសង្កត់ធ្ងន់ថា នេះគឺជាការបោះជំហានមួយដ៏សំខាន់របស់ ហ្វាំងឡង់ និងស៊ុយអែត ក្នុងការសុំចូលជាសមាជិកណាតូ ដែលនឹងជួយពង្រឹងបន្ថែមនូវសន្តិសុខសមូហភាព។ រុស្ស៉ីកន្លងមកធ្លាប់បាននិយាយថារឿងហ្វាំងឡង់ និងស៊ុយអែត ចូលណាតូ វាមិនមែនជាបញ្ហាចោទទេ តែមូស្គូនឹងចាត់វិធានការឆ្លើយតបភ្លាមៗ បើណាតូដាក់ពង្រាយកងទ័ព ឬសព្វាវុធនៅលើទឹកដីប្រទេសទាំង២៕