(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ នៅថ្ងៃអាទិត្យនេះ បានថ្លែងថា រូបលោកនឹងទទូចឱ្យប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ព្រមទាំងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បើកទ្វារចំហសម្រាប់ការចរចាគ្នា កំលុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសទាំងពីរ នាសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២។

លោកប្រធានាធិបតីឥណ្ឌូណេស៉ី បាននិយាយយ៉ាងដូច្នេះថា «សង្រ្គាមត្រូវតែបញ្ចប់ ហើយខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងអាហារពិភពលោក ចាំបាច់ត្រូវតែដំណើរការឡើងវិញ។» លោក វីដូដូ បានបន្ថែមទៀតថា ទន្ទឹមគ្នានោះ លោកនឹងព្យាយាមស្នើឱ្យលោក ពូទីន ចេញបញ្ជាឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយលោកក៏គ្រោងជំរុញឱ្យក្រុមប្រទេស G7 បន្តជួយស្វែងរកសន្តិសុខនៅអ៊ុយក្រែន ព្រមទាំងរិះរកមធ្យោបាយឱ្យបានឆាប់ សម្រាប់វិបត្តិថាមពលនិងស្បៀងអាហារសកល នាពេលបច្ចុប្បន្នផងដែរ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីឥណ្ឌូណេស៉ី នឹងធ្វើដំណើរចេញពីប្រទេសនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល G7 ដែលរៀបចំឡើងនៅអាល្លឺម៉ង់ មុនបន្តទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែននិងរុស្ស៉ី។ កន្លងមកនេះ ឥណ្ឌូណេស៉ីបានថ្កោលទោសលើសង្រ្គាមនៅអ៊ុយក្រែន ហើយបានបង្ហាញការអាណិតអាសូរចំពោះប្រជាជនអ៊ុយក្រែន ដែលបានរងទុក្ខវេទនា ប៉ុន្តែកាលពីខែមេសា លោក វីដូដូ បានឱ្យដឹងថា រូបលោកបានបដិសេធសំណើសុំជំនួយសព្វាវុធពីលោក ហ្សេលេនស្គី៕