(ប៊ែរឡាំង)៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានសម្រេចប្រកាសលុបចោល «ច្បាប់រំលូតកូនសល់ពីសម័យណាហ្ស៉ី» ហើយដែលច្បាប់នេះបានរារាំងគ្រូពេទ្យ មិនឱ្យផ្ដល់ព័ត៌មានស្ដីពីការរំលូតកូន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២។

សភាអាល្លឺម៉ង់ បានបោះឆ្នោតលុបចោលច្បាប់ខាងលើនេះ ដែលមានន័យថា វេជ្ជបណ្ឌិតត្រូវបានអនុញ្ញាតឱ្យផ្តល់ព័ត៌មានបន្ថែមអំពីការរំលូតកូន ដោយមិនមាន ការភ័យខ្លាចចំពោះការផ្តន្ទាទោសឡើយ។ តាមលក្ខណៈបច្ចេកទេស ការរំលូតកូន គឺខុសច្បាប់ទាំងស្រុងនៅក្នុងប្រទេសអាល្លឺម៉ង់។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានអនុញ្ញាតក្នុងកាលៈទេសៈជាក់ស្ដែងមួយចំនួន ហើយនីតិវិធីត្រូវតែអនុវត្តក្នុងរយៈពេល ១២សប្តាហ៍នៃការមានគភ៌។

ជុំវិញការសម្រេចចិត្តនេះដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោក ម៉ាកូ ប៊ូសស្មាន (Marco Buschmann) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អស់រយៈពេលជិត ១សតវត្សរ៍មកហើយ វេជ្ជបណ្ឌិតត្រូវបានហាមឃាត់ និងផ្តន្ទាទោសដោយការពិន័យពីការផ្តល់នូវព័ត៌មានជាក់ស្តែងអំពីវិធីសាស្រ្ត និងហានិភ័យដែល អាចកើតមានចំពោះស្ត្រីដែលកំពុងពិចារណាក្នុងការរំលូតកូន»

គួរបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ បានដាក់ចេញផែនការលុបចោលច្បាប់ខាងលើ នៅក្រោមកិច្ចព្រមព្រៀងមួយនៃរដ្ឋាភិបាលចម្រុះចុះហត្ថលេខាកាលពីខែវិច្ឆិកា កន្លងទៅនេះ៕