(ស៉ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង នាសប្តាហ៍ក្រោយ ខណៈដែលរដ្ឋាភិបាលថ្មីរបស់លោកកំពុងសម្លឹងរក ការផ្សះផ្សាទំនាក់ទំនងដែលតានតឹងកាលពីឆ្នាំមុន នៅពេលដែលអូស្ត្រាលី បានលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកជាមួយបារាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២។

ប្រទេសអូស្ត្រាលី បានលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកមានតម្លៃជាង ៤០ពាន់លានដុល្លាជាមួយក្រុមហ៊ុនបារាំង Naval Group កាលពីឆ្នាំ២០២១កន្លងទៅនេះ ហើយបានជ្រើសរើសកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជំនួសវិញ ដើម្បីទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលធ្វើឱ្យបារាំងខឹងសម្បារយ៉ាងខ្លាំង។

លោក Albanese បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ ABC នៅក្នុងបទសម្ភាសន៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា «យើងត្រូវតែកំណត់ឡើងវិញ យើងបានពិភាក្សាគ្នាក្នុងន័យស្ថាបនារួចហើយ» ហើយលោកបានបន្ថែមថា លោកបានទទួលយកការអញ្ជើញពី ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ឱ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស។

លោក Albanese បានសង្កត់ធ្ងន់ថា «ដំណើរទស្សនកិច្ចនៅសប្តាហ៍ក្រោយ គឺជាសញ្ញាជាក់ស្តែងនៃការជួសជុលទំនាក់ទំនង ដែលត្រូវបានធ្វើរួចហើយ។ វាជារឿងសំខាន់ដែលការកំណត់ឡើងវិញនោះ កើតមានឡើង។ ពិតណាស់ ប្រទេសបារាំង គឺជាចំណុចកណ្តាលនៃមហាអំណាចនៅក្នុងទ្វីបអឺរ៉ុប ប៉ុន្តែក៏ជាមហាអំណាចដ៏សំខាន់ នៅក្នុងតំបន់ប៉ាស៉ីហ្វិករបស់យើងផងដែរ»។

គួរបញ្ជាក់ថា បើតាមការិយាល័យនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Albanese នឹងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅទីក្រុងម៉ាឌ្រីដ (Madrid) ប្រទេសអេស៉្បាញនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមិថុនា ហើយបន្ទាប់មកលោកនឹងធ្វើដំណើរបន្តទៅកាន់ទីក្រុងប៉ារីស៕