(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិកពីររូប បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយយោធាបន្ថែម ៤៥០លានដុល្លារទៀត ដល់អ៊ុយក្រែនដែល ក្នុងនោះរួមបញ្ចូលទាំង ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នំា២០២២។

ការប្រកាសផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងអាចប្រកាសឆាប់ៗនេះ ដែលកញ្ចប់ជំនួយនេះនឹងរួមបញ្ចូលការផ្តល់ ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ HIMARS បន្ថែមទៀតទៅកាន់ទីក្រុងកៀវ ប៉ុន្តែចំពោះព័ត៌មានលម្អិតនៃកញ្ចប់ជំនួយនេះ អាចនឹងត្រូវផ្លាស់ប្តូរនៅពេលសម្រេចចុងក្រោយ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនរដ្ឋបាលរបស់លោកបៃដិន ទើបតែបានផ្តល់ជំនួយយោធាចំនួន ១ពាន់លានដុល្លារដល់អ៊ុយក្រែន ដែលរួមមានប្រព័ន្ធប្រឆាំងនាវា គ្រាប់រ៉ុក្កែត កាំភ្លើងធំ និងគ្រាប់រំសេវជាដើម៕