(វ៉ាស៉ីនតោន)៖ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថាមេដឹកនាំមកពីក្រុមប្រទេស មានសេដ្ឋកិច្ចជឿនលឿនទាំង៧ ហៅកាត់ G7 និងអង្គការណាតូ (NATO) នឹងធ្វើការរួមគ្នា ដើម្បីបង្កើនការដាក់សម្ពាធលើរុស្ស៉ី នៅសប្តាហ៍ក្រោយ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ហើយក៏បានគូសបញ្ជាក់ផងដែរអំពីការព្រួយបារម្ភតរបស់ពួកគេអំពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២។

បើតាមក្រុមមន្ត្រីអាមេរិក មេដឹកនាំ G7 ដែលនឹងជួបប្រជុំនៅភាគខាងត្បូងទីក្រុង មុយនិច (Munich) ប្រទេសអាល្លឺម៉ង់នៅថ្ងៃទី២៦ និងថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពី «ការអនុវត្តសេដ្ឋកិច្ច» របស់ប្រទេសចិន ដែលវ៉ាស៊ីនតោនចោទថាកាន់តែមានភាពគឃ្លើន និងបង្ខិតបង្ខំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ដោយឡែក មន្ត្រីអាមេរិកម្នាក់ បានបន្ថែមថា «សង្គ្រាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានធ្វើឲ្យភាពជាដៃគូរបស់យើងនៅជុំវិញពិភពលោក មាន ភាពសកម្មឡើង ។ តែវាមិនបានបង្អាក់ការផ្តោតអារម្មណ៍របស់បណ្ដាប្រទេសលោកខាងលិចមកលើប្រទេសចិននោះទេ ហើយមួយវិញទៀត នៅ ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO យើងនឹងដាក់ចេញនូវសំណើជាក់លាក់មួយ ដើម្បីបង្កើនការដាក់សម្ពាធលើរុស្ស៉ី និងបង្ហាញពីការគាំទ្រ របស់យើងរួមគ្នាសម្រាប់ប្រទេសអ៊ុយក្រែន»

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក ឥទ្ធិពលនៃសង្រ្គាមរបស់រុស្ស៉ីនៅក្នុងអ៊ុយក្រែន ក្នុងការជំរុញតម្លៃថាមពល និងអាហារឱ្យកើនឡើងខ្ពស់ ដែលបានបង្កគ្រោះថ្នាក់ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ក៏នឹងក្លាយជាប្រធានបទសំខាន់សម្រាប់កិច្ចពិភាក្សាដែរ។ មេដឹកនាំ G7 នឹង ជំរុញទស្សនៈវិស័យនៃពិភពលោកដោយឈរលើមូលដ្ឋាននៃសេរីភាព និងភាពបើកចំហ៕