(ឡុងដ៍)៖ រុស្ស៊ីនៅថ្ងៃពុធនេះ បាននិយាយថា លោកខាងលិចកំពុងផ្សព្វផ្សាយព័ត៌មានភូតកុហកអំពីមូលហេតុ នៃវិបត្តិស្បៀងអាហារពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងមូស្គូថា លោកស្រីមានការស្រងាកចិត្តចំពោះសេចក្តីថ្លែងការណ៍របស់លោកខាងលិចម្តងហើយម្តងទៀត ដែលថារុស្ស៊ីត្រូវបានស្តីបន្ទោសចំពោះវិបត្តិស្បៀងអាហារពិភពលោក។

លោកស្រី Zakharova បាននិយាយថា «វាជាការកុហក...ការចោទប្រកាន់បែបនេះគឺជាការកុហកទាំងសុទ្ធសាត។ លោកខាងលិចអាចផ្គត់ផ្គង់ដល់អ៊ុយក្រែននូវសព្វាវុធ ប៉ុន្តែសម្រាប់ហេតុផលមួយចំនួន មិនអាចយកអ្វើចេញពីប្រទេសនេះបាន»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសមាជិកសហភាពអឺរ៉ុប ដែលកំពុងផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីពីបទបង្កវិបត្តិស្បៀងអាហារ ដោយរារាំងការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ដែលស្មើនឹងមួយភាគដប់នៃការនាំចេញស្រូវសាលីសកល។ ភាគីរុស្ស៉ីបានច្រានចោលការចោទប្រកាន់នេះ ដោយលើកឡើងថា ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើខ្លួន ទើបជាមូលហេតុពិតប្រាកដ៕