(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៧៤៨ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋធានីហាណូយ ដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ១៤៩ករណី។ ចំណែក ខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Hải Phòng មានចំនួន៨៨ករណី និងខេត្ត Đà Nẵng ចំនួន៦១ករណី។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃពុធនេះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។

គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៣៩,៨៥៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៦២២,៨៣៧នាក់ និងស្លាប់សរុបចំនួន ៤៣,០៨៤នាក់៕