(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ គ្រោងនឹងធ្វើតេស្តលើកទី២ នៃគ្រាប់រ៉ុក្កែតអវកាសឈ្មោះថា នូរី (Nuri) ដែលអភិវឌ្ឍឡើងក្នុងស្រុករបស់ខ្លួនផ្ទាល់ ពោលគឺ រយៈពេល ៨ខែ បន្ទាប់ពីការធ្វើតេស្តលើកទី១ បានជោគជ័យ។ ប៉ុន្តែបានបរាជ័យក្នុងការបញ្ជូនផ្កាយរណបទៅកាន់គន្លងដែលបានកំណត់ដោយម៉ាស៉ីនរបស់វា។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។

កាលពីថ្ងៃចន្ទសប្ដាហ៍នេះ គ្រាប់រ៉ុក្កែត Nuri ត្រូវបានដំឡើងនៅលើបន្ទះបាញ់បង្ហោះរបស់វា នៅឯមជ្ឈមណ្ឌលអវកាស ណារ៉ូ (Naro Space Center) នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង។ ការធ្វើតេស្តនេះ ត្រូវបានកំណត់កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានផ្អាកនៅរយៈពេលប៉ុន្មានម៉ោង មុនពេលចាប់ផ្តើមដំណើរការ ដោយសារតែមានបញ្ហាជាមួយនឹងឧបករណ៏ធុងអុកស៉ីតកម្ម។ ក្រុមមន្ត្រី នឹងធ្វើការសម្រេចចិត្តនៅរសៀលថ្ងៃអង្គារនេះ ថាតើត្រូវបន្តឬយ៉ាងណា។

គ្រាប់រ៉ុក្កែត Nuri ដែលត្រូវបានអភិវឌ្ឍឡើងដោយវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េឈ្មោះថា ការ៉ី (KARI) ដែលអាចស្តុកទំនិញបាន ១.៥តោនទៅកាន់គន្លង ក្នុងរយៈចម្ងាយពី ៦០០ ទៅ ៨០០គីឡូម៉ែត្រពីលើផែនដី គឺជាមូលដ្ឋានគ្រឹះនៃផែនការរបស់ប្រទេស ដើម្បីចាប់ផ្តើមកម្មវិធីអវកាសរបស់ខ្លួន និងសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតានៅក្នុងបណ្តាញ 6G, ផ្កាយរណបស៊ើបការណ៍ និងការស៊ើបការណ៍តាមព្រះចន្ទ។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២១ ដែលជាពេលធ្វើតេស្តលើកដំបូង គ្រាប់រ៉ុក្កែត Nuri បានហោះឡើងដល់រយៈកម្ពស់ ដែលជាគោលដៅគឺ ៧០០គីឡូម៉ែត្របានដោយជោគជ័យ ប៉ុន្តែបានបរាជ័យ ក្នុងការបញ្ជូនផ្កាយរណបសាកល្បងមួយគ្រឿង ទៅកាន់គន្លងដែលបានកំណត់ ដោយសារម៉ាស៉ីនកំណាត់ទី៣របស់វា ឆេះអស់ថាមពលមុនការរំពឹងទុក៕