(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) នៅថ្ងៃចន្ទនេះបាននិយាយថា ទីក្រុងមូស្គូមិនគួរទាន់ចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរទេ រហូតទាល់តែសហរដ្ឋអាមេរិក «លូនក្រាប» ត្រឡប់មករកការចរចាវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។

លោក Medvedev បានសរសេរសារនៅលើបណ្ដាញទំនាក់ទំនងសង្គម Telegram ថា «យើងមិនមានទំនាក់ទំនងអ្វី ជាមួយសហរដ្ឋអាមេរិកទេ នាពេលឥឡូវនេះ។ ស្ថានភាពនៃទំនាក់ទំនង គឺស្ថិតនៅកម្រិតសូន្យ។ មិនចាំបាច់ទាន់ចរចា ជាមួយពួកគេ ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរទេ។ វាគឺមិនល្អសម្រាប់រុស្ស៉ីឡើយ។ ត្រូវតែឱ្យពួកគេរត់ ឬលូនក្រាប ត្រឡប់មករកការចរចាវិញដោយខ្លួនឯង ហើយស្នើសុំយើងឱ្យបន្តការចរចាជាមួយពួកគេ»។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៉ីនិងសហរដ្ឋអាមេរិក បានស្ថិតក្នុងកម្រិតដ៏ដុនដាបយ៉ាងខ្លាំងមួយ គិតចាប់ពីក្រោយសម័យសង្រ្គាមត្រជាក់មក តាំងតែពីមុនពេលរុស្ស៉ីឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ទៀតឯណោះ៕