(សេអ៊ូល)៖ កូរ៉េខាងជើង បានបញ្ជូនក្រុមគ្រូពេទ្យ និងក្រុមអ្នកជំនាញផ្នែកជំងឺឆ្លង ទៅកាន់ខេត្តមួយដែលកំពុងប្រយុទ្ធតស៊ូនឹងការផ្ទុះឡើងនៃជំងឺពោះវៀន ម្យ៉ាង ខណៈកូរ៉េខាងត្បូងសង្ស័យថាវាអាចជាជំងឺអាសន្នរោគ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ប្រជាជនកូរ៉េខាងជើង ៨០០គ្រួសារ នៅក្នុងខេត្ត វ៉ាងហេ ខាងត្បូង (South Hwanghae) ទទួលបានជំនួយ ពីរដ្ឋាភិបាល។ ប៉ុន្តែ មិនបានបញ្ជាក់ឱ្យច្បាស់ថាតើជាការឆ្លងរាលដាលនៃជំងឺពោះវៀនអ្វីឱ្យបា្រកដនៅឡើយទេ ដោយគ្រាន់តែហៅវាថាជំងឺពោះវៀនធ្ងន់ធ្ងរ តែប៉ុណ្ណោះ ស្របពេលក្រុមមន្ត្រីក្នុងប្រទេសកូរ៉េខាងត្បូង សង្ស័ថាវាជាជំងឺអាសន្នរោគ ឬគ្រុនពោះវៀន។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានរាយការណ៍ពីករណីជំងឺពោះវៀនដំបូង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះនៅក្នុងបរិបទដែលប្រទេសមួយនេះកំពុងប្រយុទ្ធតស៊ូ នឹងការឆ្លងរាលដាលនៃជំងឺ COVID-១៩ ស្រាប់ រួមទាំងបញ្ហាខ្វះខាតចំណីអាហារជាដើម៕