(កៀវ)៖ កងកម្លាំងការពារនៃតំបន់ផ្តាច់ខ្លួន DPR នៅភាគខាងកើតប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃសៅរ៍នេះថា មនុស្ស៥នាក់ បានរងរបួសនៅក្នុងទីក្រុង កុមសូម៉ុលស្កូយេ (Komsomolskoye) បន្ទាប់ពីមីស៉ីលរបស់រដ្ឋាភិបាលអ៊ុយក្រែន ត្រូវបានបាញ់ស្ទាក់ នៅលើតំបន់ដូណេត (Donetsk)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំំ២០២២។

អាជ្ញាធរតំបន់ DPR បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ុយក្រែនបានបាញ់ម៉ីស៉ីលផ្លោង Tochka-U ដែលទំនងជាកំណត់គោលដៅចូលក្នុងទីក្រុងខាងលើ។ គ្រាប់ផ្លោងនោះ ត្រូវស្ទាក់ចាប់បាន ដោយប្រព័ន្ធការពារដែនអាកាសក្នុងតំបន់ ប៉ុន្តែកម្ទេចកម្ទីរបស់វា បានធ្លាក់មកលើដងផ្លូវ បណ្តាលឲ្យមនុស្ស៥នាក់រងរបួស។

គួរបញ្ជាក់ថា មានការបាញ់ផ្លោងយ៉ាងខ្លាំងក្លានៅក្នុង តំបន់ដូណេត នាថ្ងៃសៅរ៍នេះ ហើយបើតាមអភិបាលក្រុងដូណេតលោក អាឡេស៉ី គូឡេមហ្ស៉ីន (Aleksey Kulemzin), បរិវេណសាកលវិទ្យាល័យជាតិ នៃតំបន់ដូណេត បានរងការវាយប្រហារ ធ្វើឲ្យអគារមួយខ្នង រងការខូចខាត៕