(ការ៉ាកាស់)៖ សហរដ្ឋអាមេរិកបានដកទណ្ឌកម្មចេញពីសាច់ញាតិម្នាក់ របស់ប្រធានាធីបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បន្ទាប់ពីប៉ុន្មានសប្តាហ៍មុន ទីក្រុងវ៉ាស៉ីនតោនបានអះអាងថា ខ្លួនកំពុងអនុវត្តចំណាត់ការ ដើម្បីលើកទឹកចិត្តដល់ កិច្ចសន្ទនារវាងរដ្ឋាភិបាលលោក Maduro ហើយនិងក្រុមបក្សប្រឆាំងវេណេស៊ុយអេឡា ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២។

ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនបានលុបឈ្មោះ លោក ខាឡូស អេរីគ ម៉ាល់ពីកា ផ្លូរេស (Carlos Erik Malpica Flores) អតីតរដ្ឋមន្រ្តីរតនាគារជាតិវេណេស៊ុយអេឡា ចេញពីបញ្ជីខ្មៅមួយ ដែលលោកជាប់កាលពីឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពី បទបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ លោក Malpica Flores ត្រូវជាក្មួយខាងភរិយារបស់លោក Maduro។

គួរបញ្ជាក់ថា ចំណាត់ការខាងលើធ្វើឡើង បន្ទាប់ពីជំនួបរវាងក្រុមមន្រ្តីជាន់ខ្ពស់អាមេរិក និងលោក Maduro នៅទីក្រុងការ៉ាកាស់ កាលពីខែមីនាកន្លងទៅ ដែលត្រូវគេមើលឃើញថា ជាការព្យាយាមដើម្បីជំរុញកិច្ចចរចា រវាងរដ្ឋាភិបាលលោក Maduro ហើយនិង ក្រុមអ្នកនយោបាយប្រឆាំងរបស់វេណេស៊ុយអេឡា។ កាលពីខែឧសភា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានចាប់ផ្តើមបន្ធូរបន្ថយ ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួន ដែលបានដាក់លើវេណេស៊ុយអេឡាផងដែរ៕