(កូប៉ិនហាក)៖ ទីក្រុងកូប៉ិនហាកបានឱ្យដឹងថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាវាចម្បាំងរុស្ស៉ីមួយគ្រឿង បានធ្វើដំណើររំលោភចូល ដែនទឹករបស់ប្រទេសដាណឺម៉ាក នៅឯសមុទ្របាល់ទិច ដល់ទៅពីរលើក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២។

យោធាដាណឺម៉ាកបានឱ្យដឹងថា នាវាចម្បាំងរុស្ស៉ីមួយគ្រឿងនោះ បានចូលមកក្នុងដែនទឹករបស់ដាណឺម៉ាក ដោយគ្មានការអនុញ្ញាត កាលពីវេលាម៉ោង ២៖៣០នាទីយប់រលងអាធ្រាត្រថ្ងៃសុក្រ ហើយប៉ុន្មានម៉ោងក្រោយមក ក៏បានបំពានចូលមកម្តងទៀត។ ក្រោយពីមានការផ្ញើសារតាមប្រព័ន្ធវិទ្យុ ពីសំណាក់កងទ័ពជើងទឹកដាណឺម៉ាក ទីបំផុតនាវាចម្បាំងរុស្ស៉ី ក៏បានចាកចេញពីតំបន់នោះវិញ។

ហេតុការណ៍ខាងលើ បានកើតឡើងនៅក្បែរកោះ គ្រីស្ទៀនសូ (Christianso) ដែលស្ថិតនៅចម្ងាយប្រមាណជា ៣០០គីឡូម៉ែត្រពីតំបន់ កាលីនីនក្រាដ (Kaliningrad) របស់រុស្ស៉ី។ រដ្ឋមន្រ្តីការបរទេសដាណឺម៉ាក ក៏បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំដាណឺម៉ាក ឱ្យមកផ្តល់ការបកស្រាយ ជុំវិញហេតុការណ៍នេះផងដែរ។

គួរបញ្ជាក់ថា ដាណឺម៉ាកដែលជាសមាជិកមួយនៅក្នុងអង្គការ NATO កន្លងមកនេះ បានបញ្ជូនប្រព័ន្ធប្រឆាំងរថក្រោះ ក៏ដូចជាប្រព័ន្ធប្រឆាំងនាវា ឱ្យទៅអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ៕