(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសថា អ៊ុយក្រែនមានបំណង អនុវត្តការស្នើសុំទិដ្ឋាការសម្រាប់ជនជាតិរុស្ស៉ី ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី បានប្រកាសលើគណនី Telegram របស់លោកថា អ៊ុយក្រែនកំពុងត្រៀមដាក់ឱ្យអនុវត្តនូវកម្មវិធីទិដ្ឋាការ សម្រាប់ពលរដ្ឋនៃសហព័ន្ធរុស្ស៉ី ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដោយយោងតាមការសម្រេចចិត្តរបស់រដ្ឋាភិបាល។ ការសម្រេចនេះ នឹងបិទបញ្ចប់ការធ្វើដំណើរដោយពុំចាំបាច់សុំទិដ្ឋាការសម្រាប់ជនជាតិរុស្ស៉ី ដែលបានចាប់ផ្តើមដំបូង តាំងពីពេលអ៊ុយក្រែន ទទួលបានឯករាជ្យពីសហភាពសូវៀត កាលពីឆ្នាំ១៩៩១។

លោក អាន់ដ្រេ យើម៉ាក (Andriy Yermak) ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានផ្តល់ការបកស្រាយយ៉ាងដូច្នេះថា «ដោយសារតែសង្រ្គាមទ្រង់ទ្រាយធំរបស់សហព័ន្ធរុស្ស៉ី ពួកយើងចាំបាច់ត្រូវពង្រឹងការគ្រប់លើជនជាតិរុស្ស៉ី ដែលចូលមកក្នុងទឹកដីរបស់យើង ព្រោះសន្តិសុខគឺជាអាទិភាពដ៏ចម្បងមួយ»

គួរបញ្ជាក់ថា ប្រទេសជិតខាងទាំងពីរ មានព្រំប្រទល់ជាប់គ្នាប្រវែងជិត ២,៣០០គីឡូម៉ែត្រ ហើយប្រជាជនទាំងសងខាង ភាគច្រើនសុទ្ធតែមានសាច់ញាតិ នៅប្រទេសម្ខាងទៀត៕