(ឡុងដ៍)៖ រដ្ឋមន្រ្តីមហាផ្ទៃចក្រភពអង់គ្លេស លោកស្រី ភ្រីទី ផាទែល (Priti Patel) នៅថ្ងៃសុក្រនេះ បានផ្តល់ការយល់ព្រមចំពោះ សំណើធ្វើបត្យាប័នស្ថាបនិកវែបសាយទម្លាយការណ៍សម្ងាត់ វីគីលីគ (WikiLeaks) គឺលោក ជូលៀន អាសាង (Julian Assange) ទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខការកាត់ទោសនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។

លោក Julian Assange ត្រូវអាជ្ញាធរអាមេរិកព្យាយាមចាប់ខ្លួន ពីបទល្មើសចំនួន១៨ករណី ដោយក្នុងនោះរួមមានទាំងបទចារកម្ម ដែលពាក់ព័ន្ធទៅនឹងការបញ្ចេញកំណត់ត្រាយោធា ព្រមទាំងសារឆ្លើយឆ្លងការទូតសម្ងាត់ៗជាច្រើន ដោយវែបសាយ WikiLeaks ដែលពួកគេអះអាងថា ទង្វើបែបនោះ បានធ្វើឱ្យជីវិតមនុស្សស្ថិតក្រោមគ្រោះថ្នាក់។

ដោយឡែក ក្រុមអ្នកគាំទ្ររបស់លោក Assange វិញ បានចាត់ទុករូបលោក គឺជាវីរៈបុរសម្នាក់ ដែលត្រូវបានគេតាមប៉ងព្យាបាទ ដោយសារលោកបានបកអាកាត្រនូវទង្វើខុសឆ្គងផ្សេងៗ របស់រដ្ឋាភិបាលអាមេរិក ហើយថាការកាត់ទោសលោក នឹងប្រៀបដូចជា ការវាយប្រហារលើសេរីភាពនៃសារព័ត៌មាន ក៏ដូចជាសិទ្ធិនៃការបញ្ចេញមតិយ៉ាងដូច្នោះ។

គួរបញ្ជាក់ថា សំណុំរឿងរបស់លោក Assange គឺបានបន្តមកជាង១ទសវត្សរ៍មកហើយ ប៉ុន្តែការយល់ព្រមខាងលើរបស់រដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេស មិនទាន់ជាទីបញ្ចប់សម្រាប់រូបលោកទេ។ លោក Assange នៅមានសិទ្ធិ១៤ថ្ងៃ ដើម្បីប្តឹងជំទាស់នឹងការសម្រេចចិត្តនេះ ទៅកាន់តុលាការជាន់ខ្ពស់ នៃទីក្រុងឡុងដ៍ ហើយលោកក៏អាចបន្តឡើងទៅដល់ តុលាការកំពូលរបស់ចក្រភពអង់គ្លេសផងដែរ។ យ៉ាងណាមិញ ប្រសិនបើបណ្តឹងឧទ្ធរណ៍របស់លោក ត្រូវបានបដិសេធវិញនោះ លោក Assange នឹងចាំបាច់ត្រូវតែធ្វើបត្យាប័នទៅអាមេរិក ក្នុងរយៈពេល២៨ថ្ងៃ៕