(ម៉ានីល)៖ ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) បានសម្រេចជ្រើសតាំង អតីតអគ្គមេបញ្ជាការយោធាលោក ចូសេ ហ្វៅស្ទីណូ (Jose Faustino) ឱ្យធ្វើជារដ្ឋមន្រ្តីការពារជាតិថ្មី របស់ប្រទេសអាស៊ានមួយនេះ នៅក្នុងរដ្ឋាភិបាលលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។

នៅពេលឡើងកាន់តួនាទី ក្រោយការស្បថចូលកាន់តំណែងរបស់លោក Marcos លោក Faustino នឹងទទួលបន្ទុកត្រូវស្វែងរក តុល្យភាពរវាងទំនាក់ទំនងរបស់ហ្វីលីពីនជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួន ហើយនិងចិនដែលជា គូបដិបក្ខក្នុងបញ្ហាវិវាទ នៅតំបន់សមុទ្រចិនខាងត្បូង។

លោក Faustino ក៏នឹងត្រូវដោះស្រាយបញ្ហារាប់ទសវត្សរ៍មកហើយ នៃក្រុមឧទ្ទាម ម៉ៅអ៉ីស (Maoist) ក៏ដូចជាការគំរាមកំហែងពី អំពើហិង្សារបស់ក្រុមប្រដាប់អាវុធជ្រុលនិយម នៅភាគខាងត្បូងប្រទេសផងដែរ។ លោក Faustino បានបម្រើជាប្រមុខយោធាទី១០ របស់ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន គឺលោក រ៉ូឌ្រីហ្គោ ឌូតឺតេ សម្រាប់រយៈពេល៤ខែ មុនពេលលោកត្រូវចូលនិវត្តន៍ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ដោយឡែក លោក Ferdinand Marcos នឹងត្រូវស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីនៃប្រទេសហ្វីលីពីន នៅថ្ងៃទី៣០ ខែមិថុនា ខណៈលោកមិនទាន់បានជ្រើសតាំង រដ្ឋមន្រ្តីការបរទេសនៅឡើយទេ៕