(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅថ្ងៃសុក្រនេះ បានជំរុញដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យធ្វើការឆ្លើយតបក្នុងលក្ខណៈស៉ីចង្វាក់គ្នា ដើម្បីប្រឆាំងនឹងការបង្កហេតុដោយមីស៉ីលរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។

សារព័ត៌មានកូរ៉េខាងត្បូង Newsis បានរាយការណ៍ថា ការកត់សម្គាល់របស់លោក យូន ខាងលើនេះ ធ្វើឡើងកំលុងពេលជួបពិភាក្សា តាមទូរស័ព្ទជាមួយ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) ប្រមុខនៃ UN។ លោក យូន ក៏បានអំពាវនាវឲ្យមានការធ្វើទំនាក់ទំនងកាន់តែជិតស្និទ្ធ សម្រាប់ការផ្តល់ជំនួយសម្រាប់កូរ៉េខាងជើង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ផងដែរ។

គួរបញ្ជាក់ថា វិទ្យាស្ថានសា្រវជ្រាវមួយមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កូរ៉េខាងជើង ទំនងជាបានពង្រីកការងារកែលម្អ នៅឯទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរដល់រូងក្រោមដីទី២ ក្នុងបរិបទដែលក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបារម្ភថា កូរ៉េខាងជើងអាចនឹង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ គ្រប់ពេលវេលា៕