(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងក្រុមមន្ត្រីជាន់ខ្ពស់ ផ្សេងទៀត បានបញ្ជូនកញ្ចប់ជំនួយសម្រាប់ប្រជាជនចំនួន ៨០០គ្រួសារ ដែលបានរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺពោះវៀតម៉្យាង ដែលមិនទាន់ ត្រូវបានកំណត់ប្រភព ខណៈប្រទេសនេះក៏កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជាលើកដំបូងនៃជំងឺកូវីដ ១៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។

កូរ៉េខាងជើងបានរាយការណ៍ក្នុងសប្តាហ៍នេះថាខ្លួនកំពុងប្រឈមមុខនឹង «ជំងឺឆ្លងរាតត្បាតធ្ងន់ធ្ងរ » ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីប្រភេទនៃជំងឺនេះទេ ដោយគ្រាន់តែសំដៅទៅលើមេរោគក្នុងពោះវៀន ប៉ុណ្ណោះ។

KCNA បានគូសបញ្ជាក់ដូច្នេះថា «ក្រុមមន្ត្រីបានរៀបចំថ្នាំពេទ្យ, គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលចាំបាច់ ដើម្បីផ្តល់ជំនួយដល់ ប្រជាជននៅទីក្រុងកំពុង់ផែ ហេជូ (Haeju) និងតំបន់កាងរីយ៉ុង (Kangryong County) នៃខេត្តវ៉ាងហេ ខាងត្បូង (South Hwanghae) ដែលរងផលប៉ះពាល់ពីជំងឺឆ្លងរាតត្បាតនេះ»

លោក គីម ក៏បានអំពាវនាវដល់ក្រុមមន្ត្រី «ឱ្យបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងការងារ ដើម្បីបន្ធូរបន្ថយទុក្ខលំបាករបស់ប្រជាជនឱ្យបានឆាប់តាមដែល អាចធ្វើទៅបានផងដែរ»

គួរបញ្ជាក់ថា ការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតថ្មីមួយទៀតនេះ កើតឡើងចំពេលដែលកូរ៉េខាងជើង កំពុងដោះស្រាយបញ្ហាជំងឺកូវីដ ១៩ ស្រាប់ ចំពោះមុខការព្រួយបារម្ភអំពីបញ្ហាខ្វះខាតវ៉ាក់សាំង និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត។ បើទោះបីជាកូរ៉េខាងជើងបានអះអាងថា រលកឆ្លងនៃជំងឺកូវីដ ១៩ បានបង្ហាញពីសញ្ញាថយចុះក្តី ប៉ុន្តែអង្គការសុខភាពពិភពលោកបានដាក់ការសង្ស័យថា ស្ថានភាពគឺទំនងជាកាន់តែអាក្រក់ទៅៗ៕