(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ក្រុមមន្រ្តីអាមេរិកកំពុងពិភាក្សាគ្នាអំពីការរៀបចំឲ្យមានជំនួប តាមទូរស័ព្ទរវាងប្រធានាធិបតី លោក ចូ បៃដិន ជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង នារដូវក្តៅនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។

ផែនការនៃជំនួបរវាងមេដឹកនាំទាំងពីរ ត្រូវបានផ្សព្វផ្សាយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិ លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានជួបពិភាក្សាគ្នាអំពីបញ្ហាជាច្រើន ជាមួយមន្រ្តីការទូតកំពូលរបស់ចិន រយៈពេលជាង ៤ម៉ោង នៅឯប្រទេសលុចសំបួ (Luxembourg)។ មន្រ្តីអាមេរិក ខាងលើបានបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា «មានការពិភាក្សាគ្នាអំពីជំនួបមួយដែលអាចកើតមានឡើង រវាងលោក បៃដិន និងលោកស៉ី ប៉ុន្តែយើងមិនមានអ្វីដែលបានគ្រោងទុក ឬអាចបញ្ជាក់បាននៅពេលនេះទេ»។

គួរបញ្ជាក់ថា ជំនួបតាមទូរស័ព្ទចុងក្រោយបំផុតរវាងលោក បៃដិន និង លោក ស៉ី ជិងពីង បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ដែលជា កិច្ចសន្ទនាគ្របដណ្តប់ដោយក្តីបារម្ភរបស់សហរដ្ឋអាមេរិកថា ចិនអាចនឹងផ្តល់ជំនួយជាសម្ភារៈដល់រុស្ស៉ី សម្រាប់ការឈ្លានពាននៅអ៊ុយក្រែន។ ចាប់តាំងពី ពេលនោះមក ស្ថានការណ៍ដែលកំពុងបង្កើនការព្រួយបារម្ភថែមទៀត នោះគឺកូរ៉េខាងជើងអាចនឹងរៀបចំផែនការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន គ្រប់ពេលវេលា៕