(តៃប៉ិ)៖ នៅថ្ងៃព្រហស្បតិ៍នេះ យោធាតៃវ៉ាន់បានបង្អួតបង្ហាញនូវ រថពាសដែកផលិតក្នុងស្រុកជំនាន់ថ្មីបំផុត ហៅថា CM-34 Clouded Leopard នៅឯរោងចក្រមួយកន្លែង នៅភាគកណ្តាលដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។

ខណៈតៃវ៉ាន់ពឹងផ្អែកលើសហរដ្ឋអាមេរិក សម្រាប់អាវុធភាគច្រើនរបស់ខ្លួន ដូចជាយន្តហោះចម្បាំងជាដើមនោះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បានខិតខំជំរុញឱ្យមានការផ្តោតសំខាន់ទៅលើ គ្រឿងសព្វាវុធដែលរចនានិងផលិតដោយតៃវ៉ាន់ផ្ទាល់ ខណៈសព្វាវុធដែលគួរឱ្យកត់សម្គាល់ជាងគេនោះ គឺនាវាមុជទឹកស៊េរីថ្មី។

លោក វ៉ាង វិនហ៊ុង (Wang Wen-hung) ប្រធានគ្រប់គ្រងរោងចក្រផលិតរថពាសដែកខាងលើ ដែលស្ថិតក្នុងក្រុងជីជី (Jiji) បានប្រាប់ថា រោងចក្រនោះ មានសមត្ថភាពផលិតរថពាសដែក CM-34 បានចំនួន៦គ្រឿងក្នុងមួយខែ ខណៈកន្លងមកបានប្រគល់ពួកវាចំនួន១៧៣គ្រឿង ឱ្យទៅយោធាតៃវ៉ាន់រួចហើយ ក្នុងចំណោមការបញ្ជាទិញសរុប៣០៥គ្រឿង។

គួរបញ្ជាក់ថា ឈ្មោះ Clouded Leopard របស់រថពាសដែកនេះ គឺដាក់តាមឈ្មោះសត្វខ្លាមួយប្រភេទរបស់តៃវ៉ាន់ ដែលបច្ចុប្បន្ន ត្រូវគេជឿថា បានផុតពូជអស់ទៅហើយ៕