(សេអ៊ូល)៖ វិទ្យាសា្រវជ្រាវមួយមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថាកូរ៉េខាងជើង ទំនងជាបានពង្រីកការងារ កែលម្អ នៅឯទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរដល់រូងក្រោមដីទី២ ក្នុងបរិបទដែលក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបារម្ភថាកូរ៉េខាងជើងអាចនឹង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ គ្រប់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។

បើតាមមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ ការងារកែលម្អ និងការរៀបចំក្នុងរូងក្រោមដីលេខ៣ នៅឯទីតាំងធ្វើតេស្ដអាវុធ នុយក្លេអ៊ែរ ភុងហ្គេរី (Punggye-ri) បានបិទបញ្ចប់ទាំងស្រុង ហើយត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការធ្វើតេស្ដ។ ដោយផ្អែកលើរូបភាពផ្កាយ រណប មជ្ឈមណ្ឌលនេះដដែល បានបញ្ជាក់ទៀតថា វាជាលើកដំបូងដែលផ្កាយរណបចាប់បានសញ្ញានៃសកម្មភាពកែលម្អ នៅឯរូងក្រោមដីលេខ៤ ហើយមានការសន្និដ្ឋានយ៉ាងរឹងមាំងថារូងក្រោមដីទី២នេះ អាចនឹងត្រៀមរួចរាល់ សម្រាប់ការធ្វើតេស្ដនៅពេលដ៏ខ្លីខាងមុខ។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានដឹកនាំការធ្វើតេស្ដអាវុធនុយក្លេអ៊ែរក្រោមដី ចំនួន ៦លើក ចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៧ ហើយទីតាំង ធ្វើតេស្ដនុយក្លេអ៊ែរក្រោមដីទាំង២ខាងលើ មិនធ្លាប់ត្រូវបានប្រើសម្រាប់ការធ្វើតេស្ដឡើយ រីឯច្រកចូលនៃរូងក្រោមដីទាំង២ ក៏ធ្លាប់ត្រូវបានបំផ្លាញ ផងដែរ កាលពីឆ្នាំ២០១៨ នៅពេលដែលកូរ៉េខាងជើងដាក់កំហិតលើការធ្វើតេស្ដនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប បន្ទាប់ពីសម្រេចបាន កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ក្រោមអាណត្តិលោក ដូណាល់ ត្រាំ៕