(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យនៅខេត្ត Sichuan ភាគខាងលិចប្រទេសចិន គោលដៅមួយនៃដំណើរទស្សនកិច្ចលើកនេះ គឺទៅត្រួតពិនិត្យក្រុមហ៊ុន Jimiguangdian លីមីតធីតដែលជាក្រុមហ៊ុនឯកជនមួយ។ លោកប្រធាន Xi Jinping បានអញ្ជើញចុះត្រួតពិនិត្យនៅសាលតាំងពិព័រណ៌ និងរោងជាងរបស់ក្រុមហ៊ុននេះ ក្នុងន័យស្វែងយល់ពី សភាពការណ៍អំពីការបង្កើនការច្នៃប្រឌិតថ្មីដោយម្ចាស់ការ និងតំបន់នេះផ្តល់ការគាំទ្រដល់ ការអភិវឌ្ឍន៍របស់សេដ្ឋកិច្ចឯកជនជាដើម។ ប្រការនេះបានបញ្ចេញសញ្ញាដ៏សំខាន់ម្តងទៀតថា ប្រទេសចិនយកចិត្តទុកដាក់និងគាំទ្រ ការអភិវឌ្ឍន៍របស់សេដ្ឋកិច្ចឯកជន។

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងការបម្រែបម្រួលយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញនៃស្ថានការណ៍ទាំងក្នុងស្រុកនិងអន្តរជាតិ ព្រមនិងភាពមិនប្រាកដប្រជានៅបរិវេណខាងក្រៅមានភាពកាន់តែធ្ងន់ធ្ងរ បានជាសហគ្រាសឯកជនបាននិងកំពុងប្រឈមនឹង ភាពលំបាកនិងការសាកល្បងកាន់តែច្រើនឡើងៗ។ ទាក់ទងនឹងរឿងនេះ រដ្ឋបាលគ្រប់ថ្នាក់របស់ប្រទេសចិន សុទ្ធតែបានខំប្រឹងរកមធ្យោបាយដោយសកម្ម ដើម្បីជួយពួកគេពុះពារឧបសគ្គ និងស្វែងរកការអភិវឌ្ឍន៍។ ពេលចុះត្រួតពិនិត្យនៅក្រុមហ៊ុន Jimiguangdian លីមីតធីត លោកប្រធាន Xi Jinping បានស្វែងយល់ជាពិសេស ចំពោះគោលនយោបាយរបស់រដ្ឋបាលតំបន់ ដើម្បីជួយសហគ្រាសដោះស្រាយភាពលំបាក។ ប្រការនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ម្តងទៀតថា ប្រទេសចិននឹងផ្តល់ការគាំទ្រនិងណែនាំ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច មិនមែនកម្មសិទ្ធិរដ្ឋដោយមិនងាករេ។

បច្ចុប្បន្ននេះ ប្រឈមនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចជាសកល និងកម្លាំងសម្ពាធធំទាំងបី ដែលសេដ្ឋកិច្ចចិនបាននិងកំពុងប្រឈម ពោលគឺ ការបង្រួញតូចនៃតម្រូវការ ការវាយប្រហារលើវិស័យផ្គត់ផ្គង់ និងការប៉ាន់ប្រមាណមានភាពទន់ខ្សោយ តើសហគ្រាសឯកជនត្រូវធ្វើយ៉ាងណា ដើម្បីស្វែងរកឱកាសថ្មីក្នុងវិបតិ្ត និងស្វែងរកដំណើរការថ្មីក្នុងនិម្មាបនកម្ម ? ចំណុចគន្លឹះគឺនៅត្រង់ «ការច្នៃប្រឌិតថ្មី»

ក្រុមហ៊ុន Jimiguangdian លីមីតធីត ដែលលោកប្រធាន Xi Jinping បានចុះត្រួតពិនិត្យ ជាក្រុមហ៊ុនឈានមុខ ក្នុងអាជីវកម្មបរិក្ខាបញ្ចាំងស្លាយ ដែលបានធំធាត់ឡើងតាមរយៈការច្នៃប្រឌិតថ្មី។ កាលពីឆ្នាំ២០២១ ថវិកាសម្រាប់សិក្សាស្រាវជ្រាវនៃក្រុមហ៊ុននេះ បានកើនឡើង៨៩,០៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ អត្រាថវិកាសម្រាប់សិក្សាស្រាវជ្រាវក្នុងប្រាក់ចំណូល បានកើនឡើងពី៤,៩២ភាគរយ កាលពីឆ្នាំ២០២០ ដល់៦,៥១ភាគរយ។

ពេលចុះត្រួតពិនិត្យ លោកប្រធាន Xi Jinping បានគូសបញ្ជាក់ពីការជំរុញការច្នៃប្រឌិតថ្មីលើវិស័យបច្ចេកវិទ្យា គួរតែថែរក្សានិងពូនជ្រំសហគ្រាសជំនាញ និងឈានមុខលើគ្រប់វិស័យ បង្កបង្កើត «ជើងឯក» កាន់តែច្រើន ក្នុងន័យបង្កើតជាក្រុមច្នៃប្រឌិតថ្មីលើវិស័យបច្ចេកវិទ្យា។ សេចកី្តណែនាំនេះបានចង្អុលបង្ហាញពីទិសដៅ សម្រាប់ឱ្យសហគ្រាសចិនត្រួសត្រាយ «កិច្ចចាប់ផ្តើមថ្មី» ក្នុងនោះក៏បូករួមទាំងសហគ្រាសឯកជនផងដែរ។

តាមសិ្ថតិថ្មីបំផុតរបស់អគ្គរដ្ឋបាលគយរបស់ចិនបានឱ្យឃើញថា ក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់សហគ្រាសឯកជននៃប្រទេសចិន មានចំនួន៧,៨៦ទ្រីលានយាន់ប្រាក់ចិន កើនឡើង១១,៨ភាគរយ ត្រូវជា៤៩ភាគរយក្នុងទំហំសរុបនៃពាណិជ្ជកម្ម ជាមួយក្រៅប្រទេសរបស់ប្រទេសចិន។ អាចឃើញថា ក្នុងដំណើរប្រទេសចិនបង្កើត និម្មាបនកម្មអភិវឌ្ឍន៍ថ្មី ដែលចាត់ទុកដំណើរវិលជុំក្នុងស្រុកជាគន្លឹះ និងដំណើរវិលជុំទាំងជាតិនិងអន្តរជាតិ ជំរុញគ្នាទៅវិញទៅមក សេដ្ឋកិច្ចឯកជនជាកម្លាំងចលករមួយ។

«ត្រូវខិតខំប្រឹងប្រែងលើកកម្ពស់សមត្ថភាពច្នៃប្រឌិតថ្មីដោយម្ចាស់ការ ពន្លឿនក្លាយទៅជាប្រទេសខ្លាំងក្លាខាងផលិតកម្ម ។» សេចកី្តណែនាំរបស់លោក Xi Jinping បានបំពេញបន្ថែមជំនឿចិត្តដ៏ខ្លាំងក្លាដល់សេដ្ឋកិច្ចឯកជនចិនដើម្បីពុះពារឧបសគ្គ និងស្វែងរកការអភិវឌ្ឍន៍។ ប្រការនេះនឹងមានអំណោយផលដល់ប្រទេសចិន ព្រមពេលជាមួយគ្នានេះក៏មុខជានឹងនាំមកនូវ កម្លាំងចលករសម្រាប់ងើបឡើងវិញដល់ សេដ្ឋកិច្ចពិភពលោកជាក់ជាមិនខាន៕

ដោយ វិទ្យុមិត្តភាពកម្ពុជាចិន