(វ៉ាស៉ីនតោន)៖ សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានបញ្ជាក់ពីព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចលើកដំបូងរបស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទៅកាន់តំបន់មជ្ឈិមបូព៌ាហើយ រួមទាំងអារ៉ាប៊ីសាអូឌីតផងដែរ ដោយរំពឹងថានឹងជួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន សាល់ម៉ាន (Mohammed bin Salman)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋបាលលោក បៃដិន បានប្រកាសថាការធ្វើដំណើរទស្សនកិច្ចដែលពីមុនធ្លាប់ត្រូវបានរាយការណ៍រួចហើយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក នឹងប្រព្រឹត្តទៅនៅ ចន្លោះថ្ងៃទី១៣ និងថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ។ លោក បៃដិន ក៏នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អ៉ីស្រាអែល និងតំបន់ West Bank ដែលត្រូវបានកាន់កាប់ អ៉ីស្រាអែលផងដែរ។

គួរបញ្ជាក់ថា ក្នុងកំលុងពេលដំណើរទស្សនកិច្ចរបស់លោក បៃដិន នៅខែកក្កដាខាងមុខនេះ ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងព្យាយាមធានាបាននូវការ ជំរុញផលិតកម្មប្រេងរបស់អារ៉ាប៊ីសាអូឌីត ខណៈលោក បៃដិន កំពុងព្យាយាមរកវិធីសាស្រ្ត ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក ដែលបង្កឡើងដោយសង្រ្គាមរបស់រុស្ស៉ីលើអ៊ុយក្រែន៕