(ហ្សាកាតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) ត្រូវបានគេរាយការណ៍ថានឹងប្រកាសអំពីការរុះរើគណៈរដ្ឋមន្រ្តី នៅថ្ងៃពុធនេះ ក្រុមមន្រ្តី នៃស្ថាប័នពាណិជ្ជកម្ម អាចនឹងត្រូវបានផ្លាស់ប្តូរ នៅក្នុងចំណោមមុខតំណែងផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។

បើតាមកាសែតឥណ្ឌូណេស៉ី កូរ៉ាន់ តេមប៉ូ (Koran Tempo) ការរុះរើនេះនឹងត្រូវប្រកាសនៅរសៀលថ្ងៃពុធនេះ បន្ទាប់ពីកាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីជាច្រើនរូបត្រូវបានកោះហៅ ទៅកាន់វិមានប្រធានាធិបតី រួមមានរដ្ឋមន្រ្តីសម្របសម្រួលសេដ្ឋកិច្ច, រដ្ឋមន្រ្តីពាណិជ្ជកម្ម, និងរដ្ឋមន្រ្តីក្រសួងផែនការ។ រីឯ ប្រធានគណបក្សអាណត្តិជាតិ គឺ លោក ហ្សុលគីភ្លី ហាសាន់ (Zulkifli Hasan) និងអតីតប្រមុខយោធា លោក ហាឌី ចាចាន់តូ (Hadi Tjahjanto) ដែលមិនមែនជាសមាជិករបស់គណៈរដ្ឋមន្រ្តី ក៏ត្រូវបានកោះហៅផងដែរ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ផែនការរុះរើគណរដ្ឋមន្រ្តីនេះ កើតមានឡើងចំពេលដែលឥណ្ឌូណេស៉ី កំពុងជំរុញការដោះស្រាយកិច្ចខិតខំប្រឹងប្រែង លើគោលនយោបាយ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងចម្អិនអាហារក្នុងស្រុក ដែលនាំឲ្យមានការត្អូញត្អែរពីប្រជាជន ជាពិសេស អ្នកប្រកបមុខរបរ ក្នុងវិស័យនេះ៕