(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងរដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោកស្រី ណានៀយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) បានពិភាក្សាគ្នាតាមរយៈវីដេអូ កាលពីល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ អំពីតួនាទីរបស់ចិននៅក្នុងតំបន់ប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។

ការកើនឡើងនៃឥទ្ធិពលរបស់ចិនក្នុងតំបន់ ព្រមទាំងលទ្ធភាពនៃការធ្វើយោធូបនីយកម្ម បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះនូវែលសេឡង់ រួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាប្រទេសអូស្រ្តាលី និងសហរដ្ឋអាមេរិកជាដើម។ ក្តីព្រួយបារម្ភរបស់ពួកគេ បានកើនឡើងជាលំដាប់ បន្ទាប់ពីប្រទេសចិន និងប្រទេសដែនកោះសូឡូម៉ូន (Solomon) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ កាលពីពេលកន្លងទៅ ក្នុងឆ្នាំនេះ។

ក្រសួងការបរទេសនូវែលសេឡង់ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា លោកស្រី Mahuta បានគូសបញ្ជាក់អំពីសារៈសំខាន់ ក្នុងការចូលរួមនៅក្នុងតំបន់ប៉ាស៉ីហ្វិក ប្រកបដោយឥរិយាបថជំរុញអាទិភាពរបស់តំបន់ប៉ាស៉ីហ្វិក ហើយគាំទ្រដល់គ្រឹះស្ថានក្នុងតំបន់ ដូចជាវេទិកាប្រជុំកោះប៉ាស៉ីហ្វិក ជាដើម ព្រមទាំងដោះស្រាយបញ្ហាប្រឈមសំខាន់ៗ នៅក្នុងតំបន់។

ចំណែក លោក Wang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា ទីក្រុងប៉េកាំងគោរពទំនាក់ទំនងប្រពៃណី រវាងប្រទេសនូវែលសេឡង់ និងក្រុមប្រទេសដែនកោះប៉ាស៉ីហ្វិក ហើយក៏ចង់ចូលរួមក្នុង គម្រោងកិច្ចសហប្រតិបត្តិការពហុភាគីបន្ថែមទៀត ជាមួយប្រទេសនូវែលសេឡង់ផងដែរ លោក Wang បានបន្ថែមថា «កិច្ចសហប្រតិបត្តិការរវាងចិន និងប្រទេសដែនកោះប៉ាស៉ីហ្វិក ដែលមានទំនាក់ទំនងការទូតជាមួយគ្នា អាចដើរទន្ទឹមគ្នាជាមួយនឹង ការរៀបចំដែលមានស្រាប់នៅក្នុងតំបន់ និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក»

រីឯ លោកស្រី Mahuta ក៏បានបញ្ចេញទស្សនៈរបស់ប្រទេសនូវែលសេឡង់ លើបញ្ហាដ៏រសើបមួយចំនួន រួមទាំងបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ស៉ីនជាំង បញ្ហាសេរីភាពនៅក្នុងទីក្រុងហុងកុង និងសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ៕