(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បាននិយាយនៅថ្ងៃអង្គារនេះថា ចិនចាំបាច់ត្រូវតែលុបចោលនូវទណ្ឌកម្មពាណិជ្ជកម្ម ដែលបានដាក់លើអូស្រ្តាលី ដើម្បីស្តារទំនាក់ទំនងឲ្យប្រសើរឡើងវិញ ខណៈដែលលោកស្វាគមន៍កិច្ចពិភាក្សាជាលើកដំបូង រវាងរដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។

លោក អាល់បានីស បានប្រាប់ក្រុមអ្នកព័ត៌មាន នៅក្នុងទីក្រុងប្រីសប៊េន (Brisbane) យ៉ាងដូច្នេះថា «គឺចិនជាអ្នកដាក់ទណ្ឌកម្មលើអូស្រ្តាលី ដូច្នេះពួកគេត្រូវតែដកទណ្ឌកម្មទាំងនោះចេញ ដើម្បីស្តារទំនាក់ទំនងឡើងវិញ»។ អតីតរដ្ឋាភិបាលអូស្រ្តាលី ធ្លាប់ហៅការដាក់ទណ្ឌកម្មលើវិស័យកសិកម្ម និងថាមពល ដែលចិនបានដាក់ ថាជាការបង្ខិតបង្ខំសេដ្ឋកិច្ច ខណៈដែលទំនាក់ទំនងការទូត ស្ថិតក្នុងភាពជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ ដោយក្រុមមន្រ្តីអូស្រ្តាលី មិនអាចរៀបចំឲ្យមាន ជំនួបជាមួយភាគីចិនបាន។

ប៉ុន្តែថ្មីៗនេះ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាឡេស (Richard Marles) បានជួបជាមួយរដ្ឋមន្រ្តីការពារជាតិចិន លោក វៃ ហ្វេងហ៉ី (Wei Fenghe) នៅឯសិង្ហបុរី ដោយលោក ម៉ាឡេស បានចាត់ទុកកិច្ចសន្ទនារយៈពេលច្រើនម៉ោងរបស់ពួកគេ ថាជាជំហានថ្មីមួយទៀត។ រីឯ លោក អាល់បានីស បាននិយាយថា «វាជារឿងដ៏ល្អ ដែលរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ បានជួបគ្នា និងបានកត់សម្គាល់អំពីសារសំខាន់ នៃពាណិជ្ជកម្មជាមួយចិន សម្រាប់សេដ្ឋកិច្ចអូស្រ្តាលី»

គួរបញ្ជាក់ថា ចិន គឺជាដៃគូរពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្រ្តាលី ប៉ុន្តែទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ មានភាពតានតឹង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែបញ្ហាមួយចំនួន ដូចជាការអំពាវនាវឲ្យមាន ការស៉ើបអង្កេតជាអន្តរជាតិអំពីប្រភពដើមនៃ COVID-19, ការហាមឃាត់របស់ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei ក្នុងការតភ្ជាប់បណ្តាញទូរគមនាគមន៍ 5G និងត្រួតពិនិត្យឡើងវិញនូវ ការវិនិយោគបរទេសសម្រាប់ហានិភ័យសន្តិសុខជាតិជាដើម៕