(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីសុខាភិបាលរបស់សហរដ្ឋអាមេរិក គឺលោក ហ្សាវីយើ បេសឺរ៉ា (Xavier Becerra) នៅថ្ងៃចន្ទសប្តាហ៍នេះ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ខណៈវាគឺជាការឆ្លងលើកទី២ហើយ សម្រាប់រូបលោក ក្នុងចន្លោះពេលមិនដល់១ខែ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងសុខាភិបាលអាមេរិក បានឱ្យដឹងថា លោក Becerra បានធ្វើតេស្តរក COVID-19 តាមរយៈឧបករណ៍តេស្តរហ័ស នៅទីក្រុង សាក្រាមែនតូ (Sacramento) ក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) កាលពីវេលាព្រឹកថ្ងៃចន្ទ ហើយលទ្ធផលបង្ហាញចេញមក «វិជ្ជមាន»

គួរបញ្ជាក់ថា យ៉ាងណាក្តី បើតាមអ្នកនាំពាក្យខាងលើ លោករដ្ឋមន្រ្តីសុខាភិបាលអាមេរិក បានទទួលការចាក់វ៉ាក់សាំងពេញលេញ រួមទាំងដូសជំរុញផងដែរ ខណៈលោកកំពុងមានអាការៈស្រាលនៃជំងឺប៉ុណ្ណោះ។ លោក Becerra វ័យ៦៤ឆ្នាំ ធ្លាប់បានឆ្លង COVID-19 ម្តងរួចហើយ កាលពីពាក់កណ្តាលខែឧសភា កំលុងទស្សនកិច្ចនៅទីក្រុងបែរឡាំងនៃប្រទេសអាល្លឺម៉ង់៕