(រីយ៉ូ)៖ ប៉ូលិសក្នុងប្រទេសប្រេស៉ីល និងក្រុមរុករកជនជាតិភាគតិច បានច្រានចោលរបាយការណ៍កាលពីថ្ងៃចន្ទដែលថា ពួកគេបានរកឃើញសាកសព អ្នកកាសែតជនជាតិអង់គ្លេស និងដៃគូរ ដែលបានបាត់ខ្លួនក្នុងព្រៃអាម៉ាហ្សូន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ប៉ូលិសបានរកឃើញសម្ភារៈមួយចំនួនរបស់អ្នកបាត់ខ្លួន នៅឯក្បែរទន្លេមួយ ប៉ុន្តែពុំមានការរកឃើញសាកសព ណាមួយ ដូចរបាយកាណ៍ដែលបានចេញផ្សាយជាបន្តបន្ទាប់នោះទេ។ លោក អេលលីស៉ីយ៉ូ ម៉ារូប៊ូ (Eliesio Marubo) មេធាវីតំណាងឲ្យសមាគមជនជាតិដើម ភាគតិច UNIVAJA បានបញ្ជាក់ដូច្នេះថា «ខ្ញុំបាននិយាយបញ្ជាក់ជាមួយក្រុមការងារស្រាវជ្រាវនេះហើយ ថារបាយការណ៍នេះគឺមិនពិតទេ ខណៈការស្វែងរកនៅតែបន្ត»

គួរបញ្ជាក់ថា លោក ឌុម ហ្វីលីព (Dom Phillips) និងដៃគូរបស់លោក គឺលោក ព្រុយណូ ភើរ៉េរ៉ា (Bruno Pereira) ជាអ្នកជំនាញខាងជនជាតិដើមប្រេស៊ីល ម្នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពីសប្ដាហ៍មុន។ លោក ហ្វីលីពជាអ្នកកាសែតម្នាក់ដែលធ្លាប់ចោទសួរប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ ប៊ុលសូណារ៉ូ (Jair Bolsonaro) ចំៗ ជុំវិញភាពចុះខ្សោយនៃអនុវត្តច្បាប់បរិស្ថាននៅប្រេស៊ីល៕