(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីងខិន (Antony Blinken) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា សហរដ្ឋអាមេរិក នឹងបន្តដាក់សម្ពាធលើកូរ៉េខាងជើង រហូតដល់ទីក្រុងព្យុងយ៉ាង យលព្រមបកក្រោយ ខណៈសមភាគីកូរ៉េខាងត្បូងរបស់លោកជំរុញឱ្យចិនប្រើ ឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលកុំឱ្យកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។

លោក ប្ល៊ីនខិន ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន (Park Jin)។ បើតាមលោក ប្ល៊ីនខិន សហរដ្ឋអាមេរិកនៅតែបើកចំហរ ក្នុងការចរចាជាមួយកូរ៉េខាងជើង ប៉ុន្តែទីក្រុងព្យុងយ៉ាងមិនបានអើពើនឹងការអំពាវនាវនោះទេ ហើយជំនួសមកវិញ ដោយការធ្វើតេស្តមីស៉ីលជាបន្តបន្ទាប់ និងបានត្រៀមលក្ខណៈរួចជាស្រេចទៀត ដើម្បីបន្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ។

ដោយចង់សំដៅទៅលើការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងកូរ៉េខាងជើង ដែលស្នើឡើងដោយសហរដ្ឋអាមេរិក លោក ប្ល៊ីខិន បានបញ្ជាក់ដូច្នេះថា «ដរាបណា ទីក្រុងព្យុងយ៉ាង នៅតែមិនព្រមបកក្រោយ ឬកែប្រែចិត្ត យើងនឹងបន្តដាក់សម្ពាធលើកូរ៉េខាងជើង»

តែយ៉ាងណាក៏ដោយ លោក ផាក បានជំរុញឱ្យចិនប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលកុំឱ្យកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ។ «ខ្ញុំក៏គិតថា ចិនគួរតែដើរតួនាទីវិជ្ជមានផងដែរក្នុងការជួយបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េ ដោយទាមទារឱ្យពួកគេគិតឡើងវិញជាថ្មី»។ នេះការបញ្ជាក់របស់លោក ផាក ជីន។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន និងរុស្ស៉ីបានជំរុញឱ្យមានការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ក្រោមហេតុផលមនុស្សធម៌ ដោយសង្ឃឹមថា កូរ៉េខាងជើងអាចត្រូវបានបញ្ចុះបញ្ចូលឱ្យត្រលប់ទៅរកការចរចាឡើងវិញ។ តែសហរដ្ឋអាមេរិក ថានេះមិនមែនជាដំណោះស្រាយល្អឡើយ ហើយសន្យាថានឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ បើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ៕