(ប៉េកាំង)៖ ពេលជួបសន្ទនាជាមួយលោក Lee Ka Chiu ប្រធានតំបន់រដ្ឋបាលអាណត្តិទី ៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៣០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា៖ ឆ្នាំនេះ ជាខួប ២៥ឆ្នាំ នៃការដែលហុងកុងត្រឡប់មកមាតុប្រទេសចិនវិញ។ រយៈពេល ២៥ឆ្នាំកន្លងមក ទោះជាបានប្រឈមនឹងបញ្ហាជាច្រើនក្តី ក៏ប៉ុន្តែ ការអនុវត្តគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» នៅហុងកុងទទួលបានភាពជោគជ័យ ដែលសកលលោកសុទ្ធតែកោតសរសើរ។ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលមជ្ឈិម ក្នុងការអនុវត្តដោយគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវនូវគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» គឺមិនដែលរង្គោះរង្គើទេ ហើយក៏មិនកែប្រែដែរ។

គួរបញ្ជាក់ថា ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ រដ្ឋាភិបាលចិនបានប្រកាន់អធិបតេយ្យភាពឡើងវិញ ចំពោះហុងកុង តំបន់រដ្ឋបាលពិសេសហុងកុងបានបង្កើតឡើង។ ការត្រឡប់មកមាតុប្រទេសវិញ បាននាំមកកាលានុវត្តភាពអភិវឌ្ឍន៍ថ្មី ដល់ហុងកុង។ នៅឆ្នាំ១៩៩៧ ទំហំ GDP ហុងកុងគឺ ១.៣៧ ទ្រីលានដុល្លាហុងកុង ឈានដល់ឆ្នាំ២០២១ ទំហំ GDP ហុងកុង បានកើនដល់ 2.86 ទ្រីលានដុល្លាហុងកុង។

ក្រោមគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» តំបន់រដ្ឋបាលពិសេសចិនហុងកុង បានក្លាយជាតួអង្គសេដ្ឋកិច្ចដ៏សេរីបំផុតលើពិភពលោក ជាចំណែកសំខាន់នៃតំបន់មហាឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ ដែលជាតំបន់ឈូងសមុទ្រធំឈានមុខចំនួន៤លើពិភពលោក និងអភិវឌ្ឍលឿនបំផុត សម្បូរធនធានមនុស្ស បរិស្ថានគ្រប់គ្រងតាមច្បាប់ល្អប្រសើរ។ល។

រយៈពេល ២៥ ឆ្នាំបន្ទាប់ពីបានវិលត្រឡប់មកមាតុប្រទេសវិញ ក្រោមការគាំទ្រនៃរដ្ឋាភិបាលមជ្ឈិម ហុងកុងបានយកឈ្នះ វិបត្តិជាច្រើនលើក នៅពេលអនាគតក៏នឹងបន្តរក្សាឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ នាវាចរណ៍ និងពាណិជ្ជកម្មអន្តរជាតិ។ ឱ្យតែហុងកុងបន្តរួមបញ្ចូលយ៉ាងសកម្ម ក្នុងផែនការជាតិ ចាំបាច់នឹងពង្រីកទំហំអភិវឌ្ឍន៍កាន់តែធំធេង នៅពេលក្រោយ៕

អត្ថបទដោយ វិទ្យុមិត្តភាពកម្ពុជាចិន