(វ៉ាស៉ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានលើកឡើងពីកង្វល់ជាមួយមន្រ្តីការទូតកំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) ជុំវិញការបោះឆ្នោតវេតូរបស់ទីក្រុងប៉េកាំង នៅក្នុងអង្គការសហប្រជាជាតិលើដំណោះស្រាយដាក់ទណ្ឌកម្មបន្ថែមប្រឆាំងកូរ៉េខាងជើង ដែលស្នើឡើងដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានក្នុងកំលុងការធ្វើបទបង្ហាញខ្លីមួយពីកិច្ចប្រជុំរយៈពេល ៤ម៉ោងកន្លះ រវាងលោក Sullivan និងលោក Yang ក្នុងប្រទេសលុចហ្សំបួរ (Luxembourg) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា សហរដ្ឋអាមេរិកជឿថាទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន អាចសហការគ្នាដោះស្រាយបញ្ហាកូរ៉េខាងជើង។

មន្ត្រីរូបនេះបានលើកឡើងថា «លោក Sullivan បានលើកឡើងពីការព្រួយបារម្ភ ជាពិសេសអំពីសិទ្ធិបោះឆ្នោតវេតូ ដែលកើតឡើងបន្ទាប់ពី ការបាញ់សាកល្បងមីស៉ីលផ្លោងជាបន្តបន្ទាប់ ដែលរំលោភលើដំណោះស្រាយមុនៗរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការត្រៀមលក្ខណៈ សម្រាប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរដែលអាចកើតមានឡើងគ្រប់ពេលវេលា»

មន្ត្រីដដែលបានបន្ថែមថា «ភាគីនីមួយៗមានគោលជំហររៀងៗខ្លួនរបស់ពួកគេ ហើយតាមរយៈស្ថានភាពដែលយើងមើលឃើញ វាប្រាកដណាស់ថា លោក Sullivan បានបញ្ជាក់យ៉ាងច្បាស់ថា យើងជឿជាក់ថានេះគឺជាអ្វីដែលសហរដ្ឋអាមេរិក និងចិនគួរតែអាចធ្វើការជាមួយគ្នា»

គួរបញ្ជាក់ថា កិច្ចប្រជុំរវាងលោក Sullivan និងលោក Yang បានធ្វើឡើងបន្ទាប់ពីការនិយាយតាមរយៈទូរស័ព្ទ កាលពីចុងខែឧសភាកន្លងទៅនេះ រវាងមន្ត្រីទាំងពីរ បន្ទាប់ពីនោះលោក Sullivan បាននិយាយថា វាអាចទៅរួចដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង អាចនិយាយគ្នាក្នុងពេលឆាប់ៗនេះ បើទោះបីជាមិនទាន់មានការប្រកាសផ្លូវការក៏ដោយ៕