(ប៉េកាំង)៖ ដើម្បីសហការនឹងអ្វីដែលហៅថា «សេចក្តីព្រាងច្បាប់ស្តីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មរបស់ជនជាតិវៃអ៊ូអឺ» របស់ភាគីអាមេរិកជិតចូលជាធរមាន លោក Adrian Zenz «អ្នកពូកែខាងក្លែងបន្លំ» បានចេញមកបង្ករឿងហេតុម្តងទៀត ដោយចេញផ្សាយរបាយការណ៍មួយថា ប្រទេសចិនកំពុងពង្រីកក្របខ័ណ្ឌនិងទ្រង់ទ្រាយនៃ «ការបង្ខំឱ្យធ្វើពលកម្ម»។ អ្វីដែលហៅថា សេចក្តីព្រាងច្បាប់របស់អាមេរិកគឺពោរពេញទៅដោយពាក្យកុហក ហើយអ្វីដែលហៅថា របាយការណ៍គឺជារឿងប្រឌិតសុទ្ធសាធ ពោលគឺភាគីអាមេរិកប្រើប្រាស់កលល្បិចគ្រប់បែបយ៉ាង ដើម្បីច្រានចោលភូមិភាគស្វយ័តស៊ីនជាំង ឱ្យចេញពីខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល។

តាមការពិត ពាក្យសម្តីរបស់អតីតមន្ត្រីការទូតអាមេរិកប្រចាំនៅប្រទេស ដែលត្រូវប្រព័ន្ធសារព័ត៌មានបែកធ្លាយ នៅពេលថ្មីៗកន្លងទៅនេះ ក៏បានទទួលស្គាល់ថា «តើភូមិភាគស្វយ័តស៊ីនជាំងមានបញ្ហាឬអត់ យើងបានដឹងច្បាស់ណាស់ ប៉ុន្តែការយកបញ្ហាស៊ីនជាំងធ្វើជាលេស ដើម្បីឃោសនាបំប៉ោងពីការបង្ខំឱ្យធ្វើពលកម្ម ការប្រល័យពូជសាសន៍និងវាយប្រហារបញ្ហាសិទ្ធិមនុស្ស គឺជាមធ្យោបាយប្រកបដោយប្រសិទ្ធភាពមួយ គោលបំណងចុងក្រោយរបស់វាគឺធ្វើឱ្យរដ្ឋាភិបាលចិនធ្លាក់ក្នុងភក់ជ្រាំទាំងស្រុង»

លើកនេះលោក Adrian Zenz ប្រើប្រាស់កលល្បិចចាស់ៗជាថ្មីឡើងវិញដែលប្រឌិតអ្វីដែលហៅថា របាយការណ៍ស្តីពី «ការបង្ខំឱ្យធ្វើពលកម្ម» ដោយអះអាងថា «ពិតមែនតែភស្តុតាងជាក់ស្តែង ដែលត្រូវបង្ហាញជាសាធារណៈ ត្រូវបានកាត់បន្ថយខ្លះក៏ដោយ ក៏ប៉ុន្តែការវិវឌ្ឍថ្មីកំពុងពង្រីកទ្រង់ទ្រាយនិងក្របខ័ណ្ឌនៃការបង្ខំឱ្យធ្វើពលកម្ម ពោលគឺពង្រីកទៅដល់មុខរបរដែលមានជំនាញបច្ចេកទេសកាន់តែខ្ពស់»។ ប៉ុន្តែរបាយការណ៍នេះ មិនបានបង្ហាញពីនិន្នាការអភិវឌ្ឍន៍ថ្មីណាមួយផង ហើយក៏មិនបានបង្ហាញពីភស្តុតាងការពិតជាក់ស្តែងនិងទិន្នន័យផង ដែលគ្រាន់តែជាសៀវភៅពាក្យកុហកដែលហាក់ដូចជា «ដាក់ស្រាចាស់ក្នុងដបស្រាថ្មី» តែប៉ុណ្ណោះ ។

នៅចុងឆ្នាំទៅមិញ រដ្ឋាភិបាលអាមេរិកចុះហត្ថលេខាលើអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ស្តីពីការបង្ការ ការបង្ខំឱ្យធ្វើពលកម្មរបស់ជនជាតិវៃអ៊ូអឺ ដែលនឹងចូលជាធរមាននៅថ្ងៃទី២១ ខែមិថុនា។ សេចក្តីព្រាងច្បាប់នេះ នឹងហាមឃាត់មិនឱ្យសហរដ្ឋអាមេរិកនាំចូលផលិតផលនៃភូមិភាគស្វយ័តស៊ីនជាំង វៀរលែងតែ «ផលិតផលដែលមានភស្តុតាងច្បាស់លាស់ អាចបញ្ជាក់ថា វាមិនមែនបង្កើតឡើងដោយសារការបង្ខំឱ្យធ្វើពលកម្ម»។ តាមការពិត សេចក្តីព្រាងច្បាប់ដែលឈរលើពាក្យកុហកនេះគឺដើម្បីទប់ស្កាត់ដំណើរការទំនើបភាវូបនីយកម្មនៅភូមិភាគស្វយ័តស៊ីនជាំងនិងឆក់យកឱកាសអភិវឌ្ឍន៍របស់ប្រជាជនក្នុងតំបន់ នេះគឺជាការជាន់ឈ្លីទៅលើសិទ្ធិមនុស្សរបស់ប្រជាជនភូមិភាគស៊ីនជាំងហ្នឹងឯង ។

សហរដ្ឋអាមេរិកមានប្រវត្តិសាស្ត្រជួញដូរ ធ្វើទារុណកម្ម និងរើសអើងទាសករស្បែកខ្មៅអស់រយៈពេលរាប់រយឆ្នាំ ដូច្នេះ បើនិយាយអំពី «ការបង្ខំឱ្យធ្វើពលកម្ម» គឺគួរតែនិយាយដល់សហរដ្ឋអាមេរិកមុនគេ។ ថ្ងៃទី១២ខែមិថុនាជាទិវាគ្មានពលកម្មកុមារពិភពលោក ដែលកំណត់ដោយអង្គការពលកម្មអន្តរជាតិ។ តាមស្ថិតិឱ្យដឹងថា ក្នុងចំណោមមនុស្ស១សែននាក់ ដែលត្រូវជួញដូរពីបរទេសជារៀងរាល់ឆ្នាំ ហើយត្រូវបង្ខំឱ្យធ្វើពលកម្មនៅសហរដ្ឋអាមេរិក មាន៥០ភាគរយគឺកុមារមិនទាន់ពេញវ័យ។ ដូច្នេះ តើអ្នកណាជាអ្នកបង្ខំឱ្យធ្វើពលកម្ម អ្នកផងទាំងពួងមានការវិនិច្ឆ័យរបស់ខ្លួន។

ពីរសប្តាហ៍មុន ពេលថ្លែងសុន្ទរកថាអំពីគោលនយោបាយចំពោះប្រទេសចិន លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ចេញពាក្យគន្លឹះបី គឺ «ការវិនិយោគ ចងសម្ព័ន្ធភាពនិងប្រកួតប្រជែង»។ ប្រសិនបើ «ការប្រកួតប្រជែង» ដែលភាគីអាមេរិកយល់ដឹងនោះគឺដាក់សម្ពាធលើដៃគូ តាមរយៈការប្រឌិតពាក្យចចាមអារ៉ាម និងមួលបង្កាច់ ឬក៏បំពានសិទ្ធិមនុស្សរបស់ប្រទេសដទៃទៀត និងបំផ្លាញរបៀបរៀបរយពាណិជ្ជកម្មអន្តរជាតិ ដើម្បីផលប្រយោជន៍របស់ខ្លួន នោះ មុខជានឹងវាយបកមកលើខ្លួនឯងវិញជាក់ជាមិនខាន៕

ដោយ វិទ្យុមិត្តភាពកម្ពុជាចិន