(បែរឡាំង)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចឱ្យលោក អូឡាហ្វ សូលស៍ (Olaf Scholz) ឲ្យផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ទីក្រុងកៀវ ដោយលើកឡើងថាអធិការបតីអាល្លឺម៉ង់រូបនេះ មានការព្រួយបារម្ភខ្លាំងពេកពីផលវិបាកលើទំនាក់ទំនងរវាងទីក្រុងបែរឡាំង និងទីក្រុងមូស្គូ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។

ការអត្ថាធិប្បាយរបស់លោក ហេ្សលេនស្គីខាងលើនេះ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង់ ZDF ចំពេលដែលមានការរំពឹងទុកថា លោក សូលស៍ អាចនឹងធ្វើដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ទីក្រុងកៀវ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង។

ក្នុងបទសម្ភាសន៍នោះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «យើងត្រូវការឲ្យលោកអធិការបតី សូលស៍ ផ្តល់នូវភាពប្រាកដប្រជាចំពោះការគាំទ្រអ៊ុយក្រែន របស់អាល្លឺម៉ង់»។ លោកបានបន្ថែមថា «អធិការបតីអាល្លឺម៉ង់ និងរដ្ឋាភិបាលរបស់លោក ត្រូវតែធ្វើការសម្រេចចិត្តថាមិនអាចរក្សាដោះដូររវាងអ៊ុយក្រែន និងទំនាក់ទំនងជាមួយរុស្ស៉ីបាននោះទេ»

គូរបញ្ជាក់ថា បើតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយ អាល្លឺម៉ង់ និងអ៉ីតាលី មេដឹកនាំអឺរ៉ុប ៣រូប គ្រោងនឹងធ្វើដំណើរទៅកាន់រដ្ឋធានីកៀវ របស់អ៊ុយក្រែន នៅក្នុងសប្តាហ៍នេះ មុនពេលចូលរួមកិច្ចប្រជុំកំពូល G7 ដែលប្រារព្ធឡើងនាចុងខែមិថុនាខាងមុខនេះ។ ជុំវិញរបាយការណ៍នេះ ទីក្រុងបែរឡាំង នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ៕