(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា គោលដៅចម្បងរបស់រុស្ស៉ីនៅក្នុងការធ្វើប្រតិបត្តិការយោធាពិសេស នៅអ៊ុយក្រែន នោះគឺ ការពារប្រជាជននៃសាធារណរដ្ឋដូណេត និងលូហាន បន្ទាប់ពីមេដឹកនាំតំបន់ផ្ដាច់ខ្លួន ក្នុងតំបន់ដូណេត អំពាវនាវឱ្យរុស្ស៉ីបញ្ជូនកងទ័ពបន្ថែម។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។

លោក ដេនីស ពូស៊ីលីន (Denis Pushilin) មេដឹកនាំតំបន់ផ្ដាច់ខ្លួនដូណេត បានអះអាងថាបច្ចុប្បន្ន ការវាយប្រហារ និងការផ្លោងគ្រាប់នៅក្នុងតំបន់ដែល ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែនមួយនេះ មានការកើនឡើងជាលំដាប់។ លោក ពូស៊ីលីន បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវការកងទ័ពបន្ថែមជា ចាំបាច់ ពីសម្ដ័ន្ធមិត្តក្នុងនោះរួមមានទាំងកងទ័ពនៃសហព័ន្ធរុស្ស៉ី ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវ»

ឆ្លើយតបទៅនឹងការអំពាវនាវនេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ តាមរយៈការស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៉ី RIA បាននិយាយថា ការការពារប្រជាជននៃតំបន់ផ្ដាច់ខ្លួនទាំង២ គឺជាគោលដៅចម្បងនៃប្រតិបត្តិការយោធាពិសេសសព្វថ្ងៃ។ ប៉ុន្តែ លោកមិនបានបញ្ជាក់អ្វីបន្ថែម លើសពីនេះទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសទទួលស្គាល់តំបន់ដូណេត និងលូហាន ជារដ្ឋឯករាជ្យ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងលោក ប្រកាសធ្វើប្រតិបត្តិការយោធាពិសេស ដើម្បីរំដោះតំបន់ទាំង២នេះទាំងស្រុងចេញពីការគ្រប់គ្រងរបស់អ៊ុយក្រែន។ ប៉ុន្តែ អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោក ខាងលិចចាត់ទុកថាវាជាទង្វើឈ្លានពានសុទ្ធសាធ៕