(អូតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) នៅថ្ងៃចន្ទសប្ដាហ៍នេះបានឱ្យដឹងថាលោកបានធ្វើតេស្ដវិជ្ជមានកូវីដ១៩ តែមានអារម្មណ៍ល្អធម្មតា ដោយសារតែបានចាក់វ៉ាក់សាំងបង្ការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។

លោក ឌ្រូដូ ធ្វើការប្រកាសខាងលើក្នុងសារមួយបង្ហោះលើ Twitter។ នាយករដ្ឋមន្ត្រីកាណាដារូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានធ្វើតេស្ដវិជ្ជមានកូវីដ១៩ ហើយខ្ញុំនឹងអនុវត្តតាមគោលការណ៍ណែនាំសុខភិបាល និងស្នាក់នៅដាច់ដោយឡែក»។ លោកបន្ថែមថារូបលោកមានអារម្មណ៍ល្អធម្មតា ដោយសារតែបាន ចាក់វ៉ាក់សាំងបង្ការ ហើយបានជំរុញឱ្យប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំង នាំគ្នាទៅចាក់វ៉ាក់សាំងបង្ការឱ្យបានគ្រប់ដូស រួមទាំងដូសជំរុញ។ លោក ឌ្រូដូ ក៏ធ្លាប់បានឆ្លងកូវីដ១៩ ផងដែរកាលពីខែមករា កន្លងទៅនេះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers កាណាដា មានអ្នកឆ្លងកូវីដ១៩សរុប ៣,៨៩៩,៤៩៣នាក់ ក្នុងនោះស្លាប់ ៤១,៥២៧នាក់ និងជាសះស្បើយ ឡើងវិញ ៣,៥៤៦,៤៣៦នាក់៕