(អូតាវ៉ា)៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី មេឡានី ចូលី (Melanie Joly) បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា វាពិតជា «មិនអាចទទួលយកបានទេ» ដែលមន្ត្រីកាណាដាទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រារព្ធទិវាជាតិរុស្ស៉ី នៅឯស្ថានទូតរុស្ស៉ីប្រចាំ ប្រទេសកាណាដា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កាណាដា បានរាយការណ៍ថា មន្រ្តីកាណាដាមួយរូប ដែលជាអនុប្រធានផ្នែកពិធីសារ នៅក្រសួងការបរទេស បានទៅចូលរួមក្នុងព្រឹត្តិការណ៍អបអរទិវា Russia Day របស់ប្រទេសរុស្ស៉ី ដែលបានរៀបចំឡើងកាលពី ថ្ងៃសុក្រសប្ដាហ៍មុន ខណៈអ្នកតំណាងប្រទេសអេហ្ស៉ីប ប៉ាគីស្ថាន និងប្រទេសអាហ្រ្វិកមួយចំនួន ក៏បានចូលរួមផងដែរ។

លោកស្រី Joly បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Twitter ថា «មិនគួរមានអ្នកតំណាងកាណាដាណាម្នាក់ ទៅចូលរួមក្នុងព្រឹត្តិការណ៍ ដែលរៀបចំនៅស្ថានទូតរុស្ស៉ីឡើយ ហើយគ្មានអ្នកតំណាងកាណាដាណាម្នាក់ នឹងទៅចូលរួមក្នុងព្រឹត្តិការណ៍បែបនេះម្តងទៀតទេ»

លោកស្រី Joly ក៏បានរំលឹកឡើងវិញនូវការគាំទ្ររបស់ប្រទេសកាណាដា ចំពោះអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ដែលទីក្រុងម៉ូស្គូហៅថាជា «ប្រតិបត្តិការយោធាពិសេស» ផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន បានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមក ប្រទេសកាណាដា បានដាក់ទណ្ឌកម្មលើបុគ្គលនិងស្ថាប័នជាង ១,០០០នាក់/កន្លែង ដែលមានទំនាក់ទំនងជាមួយរុស្ស៉ី និងបេឡារុស៕