(សិង្ហបុរី)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក នីង អេង ហិន (Ng Eng Hen) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន គឺជារឿង «ស្មុគស្មាញខ្លាំងណាស់» ដែលមិនទទួលបានភាពប្រសើរឡើង នៅក្នុងកិច្ចប្រជុំតែមួយលើក ដូចជា កិច្ចប្រជុំកំពូលសន្តិសុខអាស៉ី សាងគ្រី-ឡា (Shangri-La) នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។

ការលើកឡើងនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) និងរដ្ឋមន្ត្រីការពារជាតិចិន លោក វ៉ី ហ្វេងហ៉ី (Wei Fenghe) បានជួបមុខគ្នាដោយផ្ទាល់ជាលើកដំបូង កាលពីថ្ងៃសុក្រសប្ដាហ៍មុន ជាថ្ងៃដំបូងនៃកិច្ចប្រជុំ Shangri-La បានចាប់ផ្ដើម។

បន្ទាប់ពីការបិទបញ្ចប់កិច្ចប្រជុំ Shangri-La ដែលមានរយៈពេល៣ថ្ងៃ កាលពីថ្ងៃអាទិត្យ លោក Ng បាននិយាយដូច្នេះថា «ការពិតណាស់ដែលថា ការជួបមុខគ្នារវាងលោក Austin និងលោក Wei នៅតែអាចជួយសម្រាលបន្ទុកខ្លះ។ ប៉ុន្តែតើកិច្ចប្រជុំរបស់ពួកគេ បានធ្វើឱ្យទំនាក់ទំនងរវាងពួកគេមានភាពប្រសើរឡើងវិញទេ? ខ្ញុំគិតថា វានឹងពិបាកពេកហើយ។ កិច្ចប្រជុំតែមួយលើកបែបនេះ នឹងមិនអាចផ្លាស់ប្ដូរអ្វីបានទេ»

គួរបញ្ជាក់ថា ប្រមុខការពារជាតិនៃប្រទេសទាំងពីរ បានរិះគន់គ្នាទៅវិញទៅមក កំលុងសុន្ទរកថារៀងៗខ្លួន ដែលបានថ្លែងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ជុំវិញបញ្ហាកោះតៃវ៉ាន់។ លោក Austin បាននិយាយថា ប្រទេសចិនកាន់តែធ្វើការ «សម្លុតគំរាម និងបង្កហេតុ» កាន់តែខ្លាំងឡើងហើយ។ រីឯលោក Wei បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ «ការលាបពណ៌ និងការរារាំង» ប្រទេសចិន ហើយបានចោទប្រកាន់ «ប្រទេសមហាអំណាចមួយ» ថា បានអនុវត្ត «អនុត្តរភាពនាវាចរណ៍» នៅតំបន់សមុទ្រចិនខាងត្បូង៕