(ហែលស៉ិនគី)៖ ប្រធានាធិបតីហ្វាំងឡង់ លោក សាអ៊ូលី នីនីស្តូ (Sauli Niinisto) បានប្រកាសថា ហ្វាំងឡង់នឹងមិនចូល NATO ទេ ប្រសិនបើស៊ុយអែតមិនបានចូល បន្ទាប់ពីប្រទេសទាំងពីរ បានដាក់ពាក្យស្នើសុំសមាជិកភាព ក្នុងពេលដំណាលគ្នា។ នេះបើតាមការដកស្រង់ ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។

លោកប្រធានាធិបតីហ្វាំងឡង់ បានលើកឡើងដូចខាងលើ កំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយអគ្គលេខាធិការអង្គការ NATO លោក ជែន ស្តូថិនបឺហ្គ (Jens Stoltenberg) នៅឯទីក្រុង ហែលស៉ិនគី (Helsinki) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ លោក Niinisto បាននិយាយដូច្នេះថា «ករណីរបស់ស៊ុយអែត ក៏ដូចជារបស់យើងដែរ គឺមានន័យថា ពួកយើងនឹងដើរទៅមុខទន្ទឹមគ្នា»

ពាក់ព័ន្ធនឹងប្រធានបទនៃសមាជិកភាព NATO លោក Stoltenberg បាននិយាយថា NATO មិនបានកំណត់កាលបរិច្ឆេទណាមួយ ដើម្បីប្រកាសពីការទទួលយក ហ្វាំងឡង់និងស៊ុយអែតជាសមាជិកនៅឡើយទេ ប៉ុន្តែកំពុងព្យាយាមធ្វើការដោះស្រាយបញ្ហាវិវាទ របស់ប្រទេសទាំងពីរ ជាមួយតួកគីឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។

គួរបញ្ជាក់ថា ហ្វាំងឡង់និងស៊ុយអែត បានសម្រេចនាំគ្នាដាក់ពាក្យស្នើសុំចូលជាសមាជិក NATO បន្ទាប់ពីសង្រ្គាមបានផ្ទុះឡើងរវាង អ៊ុយក្រែននិងរុស្ស៉ី។ ខណៈប្រទេសទាំងពីរ បានរក្សាចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការផ្នែកយោធាជិតស្និទ្ធជាមួយអង្គការ NATO រាប់ទសវត្សរ៍មកហើយនោះ ជាផ្លូវការពួកគេត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលប្រកាន់ជំហរអព្យាក្រឹត៕